ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃចន្ទ (ទី២៦ ខែឧសភា) នេះ បាននិយាយថា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានាធិបតីអាមេរិក លោក Donald Trump មាននូវ «ការផ្លាស់ប្តូរគ្នាដ៏ល្អ» ហើយថា លោកសង្ឃឹមថា ថ្នាក់ដឹកនាំទាំង២ អាចឈានដល់ការព្រមព្រៀងអត្រាពន្ធទាបបំផុត។
អំឡុងដំណើរទស្សនកិច្ច នៅប្រទេសវៀតណាម លោក Macron បានប្រាប់អ្នកសារព័ត៌មានថា៖ «ការពិភាក្សា កំពុងមានភាពរីកចម្រើន។ មានការផ្លាស់ប្តូរគ្នាយ៉ាងល្អ រវាងលោកប្រធានាធិបតី Trump និងលោកស្រីប្រធាន Von der Leyen ហើយខ្ញុំសង្ឃឹមថា យើងអាចបន្តនៅលើផ្លូវនេះ ហើយវិលត្រលប់ទៅរកលទ្ធភាពនៃការមានអត្រាពន្ធទាបបំផុត ដែលនឹងអនុញ្ញាតឲ្យមានការផ្លាស់ប្តូរប្រកបដោយផ្លែផ្កា»។
ជាមួយគ្នានេះ លោក Macron ក៏បានលើកឡើងផងដែរថា ពន្ធគយមិនមែនជាមធ្យោបាយត្រឹមត្រូវ ដើម្បីដោះស្រាយអតុល្យភាពពាណិជ្ជកម្មនោះទេ។ អ្នកនាំពាក្យសហភាពអឺរ៉ុប បាននិយាយនៅថ្ងៃចន្ទនេះថា ការសន្ទនាតាមទូរសព្ទកាលពីចុងសប្តាហ៍ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Trump និងប្រធានសហភាពអឺរ៉ុប លោកស្រី von der Leyen បានផ្តល់នូវ «សន្ទុះរុញច្រានថ្មី» ដល់កិច្ចចរចាពាណិជ្ជកម្ម។
បន្ទាប់ពីបញ្ចប់កិច្ចសន្ទនានោះ លោក Trump បានទម្លាក់ការគំរាមកំហែងរបស់លោក ក្នុងការដំឡើងពន្ធ ៥០ភាគតយ លើការនាំចូលពីសហភាពអឺរ៉ុប នៅខែក្រោយ ដោយបានកំណត់ឡើងវិញនូវថ្ងៃផុតកំណត់ នាថ្ងៃទី៩ ខែកក្កដា ដើម្បីអនុញ្ញាតឲ្យមានកិច្ចចរចា រវាងទីក្រុងវ៉ាស៊ីនតោន និងប្លុកដែលមានសមាជិក ២៧ប្រទេស ដើម្បីបង្កើតបាននូវកិច្ចព្រមព្រៀងមួយ៕