ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបពិភាក្សាការងារជាមួយមេដឹកនាំកំពូលវៀតណាមលោក To Lam នៅទីក្រុងហាណូយ នាថ្ងៃចន្ទនេះ ដើម្បីពង្រឹងឥទ្ធិពលរបស់បារាំងលើអតីតអាណានិគមរបស់ខ្លួនមួយនេះ ស្របពេលហានិភ័យនៃពន្ធខ្ពស់របស់សហរដ្ឋអាមេរិក ។
អំឡុងដំណើរទស្សនកិច្ចរបស់លោក Macron ដែលជាដំណើរទស្សនកិច្ចលើកដំបូងដោយប្រធានាធិបតីបារាំងក្នុងរយៈពេលជិត ១ទសវត្សរ៍កន្លងមកនេះ ប្រទេសទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៩ពាន់លានអឺរ៉ូ(ស្មើនឹង ១០,២៥ពាន់លានដុល្លារ) ។
មន្រ្តីមួយរូបនិយាយថា កិច្ចព្រមព្រៀងសរុបចំនួន ១៤ត្រូវបានចុះហត្ថលេខា ដែលមានចំនួនតិចជាងតួលេខដែលវិមានប្រធានាធិបតីបារាំងបាននិយាយនៅក្នុងការរៀបចំ មុនដំណើរទស្សនកិច្ចនេះ ប៉ុន្តែកិច្ចព្រមព្រៀងបន្ថែមទៀត ត្រូវបានគេរំពឹងថានឹងត្រូវប្រកាសឲ្យដឹងនៅថ្ងៃអង្គារ ។
បារាំងបានដាក់អាណានិគមប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះរយៈពេលប្រហែល ៧០ឆ្នាំ រហូតដល់ពួកគេបោះបង់ចោលនៅឆ្នាំ ១៩៥៤ ក្រោយបរាជ័យធំក្នុងសង្រ្គាម Dien Bien Phu នៅភាគខាងជើងវៀតណាម ។
ទំនាក់ទំនងប្រទេសទាំង ២ដែលបានល្អប្រសើរវិញក្នុងរយៈជាច្រើនទសវត្សរ៍កន្លងមកនេះ ត្រូវបានបង្កើនដល់កម្រិតខ្ពស់បំផុតរបស់វៀតណាម កាលពីឆ្នាំមុន ៕