ស្នងការពាណិជ្ជកម្មអ៊ឺរ៉ុប លោក Maros Sefcovic បាននិយាយកាលពីថ្ងៃចន្ទ ទី២៦ ឧសភា ថា លោកបាន «ជួបសន្ទនាតាមទូរស័ព្ទដ៏ល្អ» ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Howard Lutnick ហើយនឹងនៅតែមាន«ទំនាក់ទំនងឥតឈប់ឈរ» ជាមួយសមភាគីរបស់លោក។

ភាគីទាំងពីរបានជួបសន្ទនាតាមទូរស័ព្ទ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានពន្យារពេលការគំរាមកំហែងដំឡើងពន្ធ៥០ភាគរយលើសហភាពអឺរ៉ុប។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និង លោក Trump មាន «ការដោះដូរយោបល់ដ៏ល្អ» កាលពីថ្ងៃអាទិត្យ ហើយលោកសង្ឃឹមថាភាគីទាំងពីរអាចឈានដល់កិច្ចព្រមព្រៀងលើការដំឡើងពន្ធទាបបំផុតដែលអាចធ្វើទៅបាន។
លោក Macron បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ថា «ការពិភាក្សាកំពុងដំណើរការទៅមុខ។ មានការដោះដូរយោបល់ដ៏ល្អរវាងលោកប្រធានាធិបតី Trump និងលោកស្រី Von der Leyen ហើយខ្ញុំសង្ឃឹមថាយើងអាចបន្តនៅលើផ្លូវដែលនឹងត្រឡប់ទៅរកតម្លៃពន្ធទាបបំផុតដែលអាចធ្វើទៅបាន»។

លោក Trump បានទម្លាក់ការគំរាមរបស់លោកក្នុងការដំឡើងពន្ធ៥០ភាគរយលើការនាំចូលពីអឺរ៉ុប នៅខែក្រោយ ដោយបានកំណត់ឡើងវិញកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី៩ ខែកក្កដា ដើម្បីអនុញ្ញាតឱ្យមានកិច្ចពិភាក្សារវាងទីក្រុងវ៉ាស៊ីនតោន និងប្លុកទាំង២៧ប្រទេសដើម្បីបង្កើតកិច្ចព្រមព្រៀងមួយ។