បណ្ដាមេដឹកនាំប្លុកអាស៊ីអាគ្នេយ៍ បានជួបជុំគ្នានៅទីក្រុងគូឡាឡាំពួ(Kuala Lumpur)ប្រទេសម៉ាឡេស៊ី ក្នុងសប្តាហ៍នេះសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ឬសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ប្លុកនេះកំពុងប្រឈមបញ្ហាសេដ្ឋកិច្ចដ៏ធំបំផុតរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពិសេសរលកនៃការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ដែលដាក់ដោយប្រធានាធិបតី Donald Trump ។

រដ្ឋមន្ត្រីវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក Tengku Zafrul Abdul Aziz បាននិយាយថា អាស៊ានបានបញ្ចប់ការចរចាលើការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) និងតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន (CAFTA) ដោយកិច្ចព្រមព្រៀងដែលបានពង្រឹងនោះ នឹងត្រូវចុះហត្ថលេខានៅខែតុលា។

កិច្ចប្រជុំជាលើកដំបូងចាប់តាំងពីការដំឡើងពន្ធចូលជាធរមាន ប្លុកដែលមានសមាជិក ១០ប្រទេសនេះ តំណាងឱ្យទំហំពាណិជ្ជកម្ម៣,៨សែនកោដិដុល្លារអាមេរិក ហើយឆ្លើយតបយ៉ាងរហ័សដើម្បីការពារសេដ្ឋកិច្ចដែលពឹងផ្អែកលើពាណិជ្ជកម្មរបស់ខ្លួន។ស្របពេលការនាំចេញទៅកាន់សហរដ្ឋអាមេរិកឥឡូវនេះស្ថិតនៅក្រោមការគំរាមកំហែង និងភាពមិនច្បាស់លាស់ជុំវិញទំនាក់ទំនងនាពេលអនាគតជាមួយទីក្រុងវ៉ាស៊ីនតោន អាស៊ានកំពុងផ្លាស់ប្តូរវិធីសាស្ត្រ ពីប្រតិកម្មការទូតទៅជាសកម្មភាពជាយុទ្ធសាស្ត្រ។
កាលពីថ្ងៃទី២៦ ខែឧសភា ដែលជាថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលជាប្រធានអាស៊ានបច្ចុប្បន្នបានជំរុញឱ្យប្រទេសជាសមាជិកអនុម័តវិធីសាស្រ្តបង្រួបបង្រួមមួយ។ លោកបានស្នើឱ្យមានកិច្ចប្រជុំរួមគ្នាជាមួយលោកប្រធានាធិបតី Trump ដើម្បីចរចារអំពីការដំឡើងពន្ធ និងបានអំពាវនាវឱ្យមានសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់កាន់តែស៊ីជម្រៅ ដើម្បីទប់ទល់នឹងភាពតក់ស្លុតពីខាងក្រៅ។

សេដ្ឋកិច្ចអាស៊ានបានពឹងផ្អែកលើការនាំចេញទៅកាន់សហរដ្ឋអាមេរិកជាយូរមកហើយ ប៉ុន្តែរបៀបវារៈពាណិជ្ជកម្មអាណត្តិទីពីររបស់លោក Trump ត្រៀមនឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញទាំងនោះ។ របបពន្ធដែលបានស្នើឡើងនេះគំរាមកំហែងពន្ធ ១០ ភាគរយលើទំនិញសិង្ហបុរី៕