ក្រុមមួយដែលតំណាងឱ្យមន្ត្រីសហភាពអឺរ៉ុបរាប់ពាន់នាក់ បានចោទប្រកាន់ប្លុកនេះថាមិនបានធ្វើសកម្មភាពប្រកបដោយអត្ថន័យ ក្នុងការឆ្លើយតបទៅនឹងវិបត្តិមនុស្សធម៌កាន់តែអាក្រក់នៅក្នុងតំបន់ហ្កាហ្សា ដោយព្រមានថា "ភាពអសកម្ម" របស់ប្លុក បានជួយឱ្យមានការវាយលុកយោធាដែលកំពុងបន្តយ៉ាងឃោរឃៅរបស់អ៊ីស្រាអែល។

ក្រុមបុគ្គលិកសហភាពអឺរ៉ុបដើម្បីសន្តិភាព បាននិយាយថា សមាជិកបុគ្គលិកជាង ២.០០០នាក់ មកពីគណៈកម្មការអឺរ៉ុប សភាអឺរ៉ុប និងភ្នាក់ងារ EU ផ្សេងទៀត បានចុះហត្ថលេខាលើលិខិតមួយ ដែលបានរិះគន់យ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំរបស់ប្លុកនេះតាំងតែពីខែឧសភា ឆ្នាំ២០២៤ មក។
លិខិតរិះគន់នោះបានប្រារព្ធខួបមួយឆ្នាំរបស់ខ្លួនក្នុងសប្តាហ៍នេះ ជាមួយនឹងការអំពាវនាវជាថ្មីទៅកាន់បណ្ដាមេដឹកនាំសហភាពអឺរ៉ុប នេះបើយោងតាមសេចក្ដីរាយការណ៍ដោយកាសែត The Guardian កាលពីថ្ងៃចន្ទ (២៦ ឧសភា)។

ក្រុមនេះបានសរសេរលិខិតចុងក្រោយមួយផ្ញើទៅកាន់ប្រធានគណៈកម្មការអឺរ៉ុប ក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុបថា "ស្ថាប័ន EU បានបរាជ័យក្នុងការនាំយកឥទ្ធិពលនយោបាយ ការទូត និងសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបដើម្បីជួយសម្រួលស្ថានការណ៍នៅដែនដីហ្កាហ្សា"។

ការអំពាវនាវជាថ្មីនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានគោលនយោបាយការបរទេសរបស់ EU លោកស្រី Kaja Kallas បានប្រកាសត្រួតពិនិត្យឡើងវិញ ដែលទន្ទឹងរង់ចាំជាយូរមកហើយ នៃកិច្ចព្រមព្រៀងសមាគម សហភាពអឺរ៉ុប-អ៊ីស្រាអែល បន្ទាប់ពីសម្ពាធពីរដ្ឋសមាជិកភាគច្រើន៕