អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃចន្ទ ថា ការផ្គត់ផ្គង់បរិក្ខារវេជ្ជសាស្តភាគច្រើនបានអស់ពីស្តុកនៅតំបន់ហ្កាហ្សា ខណៈ៤២ភាគរយនៃឱសថជាមូលដ្ឋានរួមទាំងថ្នាំបំបាត់ការឈឺចាប់ បានអស់ពីស្តុក។ លោកស្រី Hanan Balkhy នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់មេឌីទែរ៉ាណេខាងកើត បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា «បរិក្ខាវេជ្ជសាស្ត្រជិត៦៤% បានអស់ ឱសថសំខាន់ៗ៤២ភាគរយក៍បានអស់ ខណៈវ៉ាក់សាំង៤២ភាគរយ បានអស់។

លោកស្រី Balkhy និយាយថាអង្គការសុខភាពពិភពលោក(WHO) មានរថយន្តដឹកជំនួយចំនួន៥១ គ្រឿង កំពុងរង់ចាំនៅព្រំដែនតំបន់ហ្កាហ្សាពុំទាន់បានចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ជាកន្លែងដែលអ៊ីស្រាអែលកាលពីសប្តាហ៍មុនបានបន្ធូរបន្ថយការបិទផ្លូវលើការដឹកជញ្ចូនជំនួយដែលបានដាក់កាលពីដើមខែមីនា។ បន្ទាប់ពីការបិទផ្លូវរយៈពេល១១សប្តាហ៍ អ៊ីស្រាអែល ដែលកំពុងមានសង្រ្គាមជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសដ៏មានឥទ្ធិពលនៅហ្កាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យរថយន្តដឹកជំនួយចំនួន១០០គ្រឿងដែលដឹកម្សៅ អាហារសម្រាប់ទារក និងបរិក្ខាវេជ្ជសាស្ត្រ ចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃទី២១ ខែឧសភា។

ក្នុងពេលមានការខ្វះបរិក្ខាវេជ្ជសាស្ត្រជាបន្តបន្ទាប់ អង្គការសុខភាពពិភពលោក(WHO) បានបញ្ជាក់ថា ខ្លួននឹងមិនចូលរួមក្នុងផែនការជំនួយជំនួសដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីចែកចាយជំនួយ ដែលត្រូវបានស្នើឡើងដោយមូលនិធិមនុស្សធម៌តំបន់ហ្កាហ្សាឡើយ។ អង្គការសហប្រជាជាតិ បាននិយាយថា មូលនិធិនេះលំអៀង ហើយការងារសម្រាប់មូលនិធិនេះ អាចបណ្តាលឱ្យមានការជម្លៀសជនស៊ីវិលបន្ថែមទៀត ធ្វើឱ្យមនុស្សរាប់ពាន់នាក់រងផលប៉ះពាល់។

មូលនិធិមនុស្សធម៌តំបន់ហ្កាហ្សា(GHF) កាលពីពេលមុនបានប្រាប់សារព័ត៌មាន Reuters ថា ផែនការរបស់ខ្លួននឹងអនុញ្ញាតឱ្យដឹកជញ្ជូនជំនួយទៅដល់ប្រជាជនដែលកំពុងត្រូវការជំនួយ ដោយមិនឲ្យធ្លាក់ចូលទៅក្នុងដៃក្រុមសកម្មប្រយុទ្ធហាម៉ាស ឬក្រុមឧក្រិដ្ឋជន ឡើយ។