គ្រូបង្រៀននៅប្រទេសម៉ិកស៊ិក បានចេញតវ៉ាកាលពីថ្ងៃច័ន្ទ នៅក្នុងរដ្ឋធានី ជាផ្នែកនៃកូដកម្ម ដែលបាននាំពួកគេទៅបោះជំរំនៅកណ្តាលទីក្រុងរយៈពេលជាច្រើនថ្ងៃ រហូតដល់ការទាមទាររបស់ពួកគេត្រូវបានបំពេញ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា សហជីពគ្រូបង្រៀន CNTE បានតវ៉ានៅខាងក្រៅស្ថាប័នសាធារណៈ និងកន្លែងសំខាន់ៗនៅក្នុងទីក្រុង ដូចជានៅស្ថានីយ៍ទូរទស្សន៍ Televisa ជាផ្នែកមួយនៃកូដកម្មបោះជំរុំនៅកណ្តាលទីលាន Zocalo ទល់មុខវិមានរដ្ឋាភិបាល។

គ្រូបង្រៀនកំពុងទាមទារឱ្យលុបចោលច្បាប់ឆ្នាំ២០០៧ ដែលធ្វើអោយលក្ខខណ្ឌចូលនិវត្តន៍របស់ពួកគេកាន់តែពិបាកដោយការបង្កើនអាយុចូលនិវត្តន៍ស្របច្បាប់ពី៥៨ឆ្នាំ ទៅដល់៦៥ឆ្នាំ សម្រាប់បុរសដែលបានបម្រើសេវា៣០ឆ្នាំ និងសម្រាប់ស្ត្រីបម្រើការងាររយៈពេល២៨ ឆ្នាំ។ លើសពីនេះទៀត ពួកគេអំពាវនាវឱ្យលុបចោលកំណែទម្រង់អប់រំដែលត្រូវបានអនុម័តក្នុងឆ្នាំ២០១៩ ។
ប្រធានាធិបតី លោកស្រី Claudia Sheinbaum បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ថា ហិរញ្ញវត្ថុសាធារណៈមិនស្ថិតក្នុងលក្ខខណ្ឌដើម្បីបំពេញតាមការទាមទាររបស់ពួកគេឡើយ។