សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានអះអាងថា វ៉ាក់សាំងការពារមេរោគកូវីដ១៩ ដែលរដ្ឋាភិបាលចិននឹងផ្តល់ឱ្យកម្ពុជានោះនឹងមកដល់ក្នុងសប្តាហ៍នេះ ខណៈក្រុមគ្រូពេទ្យឯកទេសចិនចំនួន៤រូប ដែលធ្វើបទបង្ហាញអំពីរបៀបនៃការទុកដាក់នូវវ៉ាក់សាំងនេះ បានមកដល់ប្រទេសកម្ពុជាហើយ។
ការបញ្ជាក់បែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យព្រះកេតុមាលា ។








