នៅថ្ងៃទី២៧ ខែឧសភានេះ មានកម្មករ កម្មការនី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋនានាទៀតកាន់តែច្រើនបាននាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញការពារមេរោគកូវីដ-១៩ នៅមណ្ឌលសុខភាពតាខ្មៅ ស្ថិតក្នុងបរិវេណមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល។
បើតាមតំណាងកម្មករ-កម្មការនី និងមន្ត្រីរាជការ នៅខេត្តកណ្តាល បានថ្លែងថា មូលហេតុដែលយើងទាំងអស់ត្រូវមកចាក់វ៉ាក់សំាងដូសជំរុញការពារមេរោគកូវីដ-១៩នេះ ដោយសារបច្ចុប្បន្ន ក្រសួងសុខាភិបាលបានប្រកាសថា មានករណីឆ្លងថ្មីនៃមេរោគកូវីដ-១៩ ប្រភេទអូមីក្រុងបំប្លែងថ្មី JN.1 មានសភាពឆ្លងរាតត្បាតលឿនហើយម្យ៉ាងទៀត យើងត្រូវតែចាក់ការពារដោយសារ ការងារនៅក្នុងរោងចក្រនៅការដ្ឋានការងារនានាទៀត គឺមានមនុស្សប្រមូលផ្តុំគ្នាច្រើន។
បើតាមលោកស្រី ប្រីយ ចាន់មុនី្ន ប្រធានមណ្ឌលសុខភាពតាខ្មៅ ថ្លែងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ នៅក្នុងមណ្ឌលសុខភាពតាខ្មៅ គឺបានទទួលពលរដ្ឋមកចាក់វ៉ាក់សាំងដូសជំរុញការពារមេរោគកូវីដ-១៩នេះច្រើនកុះករហូរហែរ ជាពិសេសពលរដ្ឋនៅក្នុងចំណោមរោងចក្រកម្មករ កម្មការនី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកប្រកបសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពលរដ្ឋអ្នកដំណើរឆ្លងកាត់ជិតឆ្លងកាត់នានាទៀត។
តាមសេចក្តីណែនាំក្រសួងសុខាភិបាល បានក្រើនរំលឹកថា វីរុសកូវីដ១៩ អូមីក្រុងបំប្លែងថ្មី JN.1 ជាប្រភេទវីសរុសមានការឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស និងសូមអំពាវនាវពលរដ្ឋ បន្តអនុវត្តវិធានការ លាងដៃ ពាក់ម៉ាស់ ក្នុងពេលចាំបាច់ ខ្ទប់មាត់ច្រមុះពេលក្អកកណ្តាស់ ដោយសារផ្នត់កែងដៃកន្សែង ឬក្រដាសអនាម័យ រក្សាគន្លាតជាមួយបុគ្គលដែលមានរោគសញា ផ្តាសាយ។
ព្រមជាមួយគ្នានេះក្រសួងសុខាភិបាល ក៏បានអំពាវនាវ នាំគ្នាចាក់វ៉ាក់សាំងកូវីដ១៩ រៀងរាល់៦ខែម្តង ជាពិសេសសម្រាប់ជនវ័យចាស់ ចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពសាំថមថយជាដើម៕ អត្ថបទ ស៊ុម សុខជា










