មន្ត្រីឧស្សាហកម្ម បាននិយាយថា ប្រទេសឥណ្ឌា ដែលជាប្រទេសផលិតទឹកដោះគោធំបំផុតរបស់ពិភពលោក ត្រូវតែការពារកសិករផលិតទឹកដោះគោតូចៗរាប់លាននាក់នៅក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសការរំខានទីផ្សារពីការកើនឡើងនៃការនាំចូលរបស់សហរដ្ឋអាមេរិក។

ប្រទេសផលិតទឹកដោះគោធំបំផុតរបស់ពិភពលោកមួយនេះ កំពុងចរចាជាមួយសហរដ្ឋអាមេរិកដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដ៏ទូលំទូលាយ (BTA) បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានដំឡើងពន្ធទៅវិញទៅមកឬពន្ធបដិការ លើដៃគូពាណិជ្ជកម្មពិភពលោករួមទាំងការដំឡើងពន្ធ២៦% លើប្រទេសឥណ្ឌា។

លោក Trump បានប្រកាសផ្អាករយៈពេល៩០ថ្ងៃលើការដំឡើងពន្ធបដិការដែលគ្រោងទុកជាយូរមក ទោះបីជាការដំឡើងពន្ធមូលដ្ឋាន១០% នៅតែបន្តអនុវត្តចំពោះប្រទេសឥណ្ឌា និងប្រទេសជាច្រើនទៀតក្នុងអំឡុងពេលផ្អាកនេះក៏ដោយ។ លោក Jayen Mehta នាយកគ្រប់គ្រងសហព័ន្ធទីផ្សារទឹកដោះគោ ដែលជាម្ចាស់យីហោទឹកដោះគោ Amul បាននិយាយថា «វាចាំបាច់ ដែលយើងមិនផ្តល់ឱ្យវានូវតម្លៃថោកជាងនេះ ទៅកាន់ទីផ្សាររបស់យើង» ។
សហរដ្ឋអាមេរិក និងប្រទេសផលិតទឹកដោះគោឈានមុខគេផ្សេងទៀត បាននិងកំពុងដាក់សម្ពាធលើប្រទេសឥណ្ឌាក្នុងការផ្តល់នូវដំណើការចូលកាន់តែច្រើនទៅកាន់ទីផ្សារទឹកដោះគោរបស់ខ្លួន ដែលត្រូវបានការពារដោយពន្ធនាំចូលខ្ពស់ និងរនាំងមិនមែនពន្ធ (NTBs)។
ក្រៅពីការចិញ្ចឹមជីវិតមនុស្សជាង ១,៤ពាន់លាននាក់ វិស័យទឹកដោះគោរបស់ប្រទេសឥណ្ឌាមានសារៈសំខាន់សម្រាប់ជួយផ្គត់ផ្គង់ជីវភាពដល់កសិករ៨០ លាននាក់។ លោក Mehta បាននិយាយថា វាជារឿងចាំបាច់ដែលជីវភាពរបស់អ្នកផលិតទឹកដោះគោ ភាគច្រើនជាប្រជាជនក្រីក្រនៅជនបទ នៅតែមិនរងផលប៉ះពាល់ដោយការចរចាពាណិជ្ជកម្មណាមួយ។