អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃចន្ទ (២៦ ឧសភា) បានរិះគន់សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន យ៉ាងខឹងសម្បារ បន្ទាប់ពីអធិការបតីថ្មីរបស់អាល្លឺម៉ង់ លោក Friedrich Merz បានប្រកាសថា ទីក្រុងប៊ែរឡាំង និងសម្ព័ន្ធមិត្តលោកខាងលិចសំខាន់ៗផ្សេងទៀត លែងដាក់កម្រិតលើរយៈចម្ងាយនៃអាវុធដែលផ្គត់ផ្គង់ដល់អ៊ុយក្រែន ទៀតហើយ។

បណ្ដាមេដឹកនាំលោកខាងលិច ជាពិសេសលោក Merz បានបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតរបស់ខ្លួន ដើម្បីព្យាយាមទទួលបានបទឈប់បាញ់ និងបន្តរក្សាការគាំទ្ររបស់លោកខាងលិចសម្រាប់ទីក្រុងគីវ ផ្ដោតលើជំនួយសព្វាវុធ ខណៈអ៊ុយក្រែន បន្តប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ។ អាល្លឺម៉ង់ក៏ជាប្រទេសផ្គត់ផ្គង់ជំនួយយោធាធំទីពីរដល់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក។

លោក Peskov បានលើកឡើងថា ការសម្រេចចិត្តដកដែនកំណត់រយៈចម្ងាយសព្វាវុធនេះនឹងក្លាយជារឿង "ដ៏គ្រោះថ្នាក់ខ្លាំងណាស់" និងជា "ដំណើរការផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់អញនកគ្រប់គ្នា ដើម្បីឈានដល់ដំណោះស្រាយនយោបាយនៅក្នុងជម្លោះ"។

ទីក្រុងមូស្គូ បានព្រមានប្រទេសលោកខាងលិចម្តងហើយម្តងទៀតប្រឆាំងនឹងការអនុញ្ញាតឱ្យអ៊ុយក្រែនធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយ ដោយលើកហេតុផលថា នេះអាចធ្វើឱ្យប្លុកយោធាណាតូ ក្លាយជាអ្នកចូលរួមដោយផ្ទាល់នៅក្នុងជម្លោះ ដោយសារតែការវាយប្រហារបែបនេះនឹងតម្រូវឱ្យកំណត់គោលដៅទិន្នន័យពីផ្កាយរណបរបស់ណាតូ ក្នុងសមត្ថភាពមួយដែលអ៊ុយក្រែន មិនមានប្រើខ្លួនឯងនោះទេ៕