បេក្ខជនប្រធានាធិបតីរបស់កូរ៉េខាងត្បូង មកពីក្រុមសេរីនិយម លោក Lee Jae-myung កំពុងនាំមុខគូប្រជែងអភិរក្សនិយមដ៏សំខាន់របស់ខ្លួនគឺលោក Kim Moon-soo ក្នុងតួលេខច្រើនជាង ១០% ក្នុងការស្ទង់មតិថ្មីមួយដែលចេញផ្សាយនៅថ្ងៃអង្គារ (២៧ ឧសភា) នេះ ខណៈការប្រកួតប្រជែងកាន់តែស្វិតស្វាញ រយៈពេលមួយសប្តាហ៍មុនការបោះឆ្នោតមកដល់។

ប្រទេសដែលស្ថិតក្នុងវិបត្តិនយោបាយយ៉ាងជ្រៅនេះ នឹងរៀបចំការបោះឆ្នោតមុនអាណត្តិមួយនៅថ្ងៃទី០៣ ខែមិថុនា ដើម្បីជ្រើសរើសអ្នកស្នងតំណែងពីមេដឹកនាំដែលត្រូវបានបណ្តេញចេញគឺលោក Yoon Suk Yeol ជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លី ដែលបញ្ឆេះជម្លោះនយោបាយដ៏រ៉ាំរ៉ៃ និងបង្កឱ្យមានការតវ៉ាដ៏ធំទូទាំងប្រទេស។
ការស្ទង់មតិរបស់ Gallup Korea បានបង្ហាញថា បេក្ខជនមកពីបក្សប្រជាធិបតេយ្យ លោក Lee ដែលបានតស៊ូមតិក្នុងការប្រើប្រាស់គោលនយោបាយសារពើពន្ធដើម្បីគាំទ្រសេដ្ឋកិច្ច និងការកាត់ទោសជនណាម្នាក់ដែលពាក់ព័ន្ធនឹងការប៉ុនប៉ងច្បាប់អាជ្ញាសឹកកាលខែធ្នូរបស់លោក Yoon ទទួលបានការគាំទ្រសាធារណៈ ៤៩% ទល់នឹងលោក Kim មកពីបក្សអំណាចប្រជាជន ដែលនៅក្នុងអត្រាគាំទ្រ ៣៥% ពីសារធារណៈជន។
អ្នកនយោបាយរូបណាក៏ដោយដែលឈ្នះតំណែងជាមេដឹកនាំបន្ទាប់របស់កូរ៉េខាងត្បូង នឹងត្រូវកែប្រែកេរ្តិ៍ឈ្មោះរបស់ប្រទេស ដែលបានផ្លាស់ប្តូរទៅជាលទ្ធិប្រជាធិបតេយ្យក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ខណៈជំរុញកំណើនសេដ្ឋកិច្ចដែលជាប់គាំង ទប់ទល់គោលនយោបាយពាណិជ្ជកម្មមិនច្បាស់លាស់របស់អាមេរិក និងត្រូវដោះស្រាយជាមួយកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ៕

