ទីភ្នាក់ងារព័ត៌មានផ្លូវការជាតិលីបង់ (NNA) បានរាយការណ៍ថា ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយកាលពីថ្ងៃចន្ទថា ជំរំប៉ាឡេស្ទីនចំនួនបី នៅក្នុងទីក្រុងបេរូត នឹងចាប់ផ្តើមប្រគល់អាវុធរបស់ពួកគេ នៅពាក់កណ្តាលខែមិថុនា។

លោក Aoun បានធ្វើការអត្ថាធិប្បាយ ក្នុងអំឡុងពេលជួបជាមួយគណៈប្រតិភូ មកពីសភាសហរដ្ឋអាមេរិកក្នុងទីក្រុងបេរូត។
នាយករដ្ឋមន្ត្រីលីបង់លោក Nawaf Salam និងប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស ( Mahmoud Abbas) បានព្រមព្រៀងគ្នា កាលពីដើមសប្តាហ៍នេះ ដើម្បីបញ្ចប់វត្តមាន និងប្រតិបត្តិការអាវុធដែលកាន់កាប់ដោយក្រុមប្រឆាំងប៉ាឡេស្ទីន នៅខាងក្រៅការគ្រប់គ្រងរបស់រដ្ឋលីបង់ រួមទាំងនៅក្នុងជំរំជនភៀសខ្លួនប៉ាឡេស្ទីនផងដែរ។

លោក Aoun បានថ្លែងថា៖ «គណៈកម្មាធិការចម្រុះ ត្រូវបានបង្កើត ឡើងដើម្បីអនុវត្តកិច្ចព្រមព្រៀង ហើយការប្រគល់អាវុធ នឹងចាប់ផ្តើម នៅពាក់កណ្តាលខែមិថុនា នៅក្នុងជំរំចំនួនបី ក្នុងទីក្រុងបេរូត ដោយបន្ថែមថា ជំរំយោធាប៉ាឡេស្ទីនចំនួនបី នៅភាគខាងជើង ភ្នំលីបង់ និងភាគខាងត្បូង ត្រូវបានរុះរើរួច ហើយ។
ក្នុងជំនួបជាមួយគណៈប្រតិភូអាមេរិក លោកប្រធានាធិបតីលីបង់ ក៏បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលបានបរាជ័យ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ជាមួយលីបង់ ដែលបានចូលជាធរមាន នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោក Aoun បាននិយាយថា៖«អ៊ីស្រាអែលបន្តកាន់កាប់ភ្នំចំនួន ៥ នៅភាគខាងត្បូង ហើយមិនបានប្រគល់អ្នកជាប់ឃុំលីបង់វិញទេ បើទោះបីជាមានការអំពាវនាវពីលីបង់ម្តងហើយម្តងទៀត ជាពិសេសទៅសហរដ្ឋអាមេរិក និងបារាំង ដែលបានគាំទ្ររួមដល់កិច្ចព្រមព្រៀងនេះ»។