លោក Carlo Ancelotti បាននិយាយថា លោកមានមោទនភាពក្នុងការទទួលបានតំណែងដឹកនាំក្រុមជម្រើសជាតិ ប្រេស៊ីល ដែលជាក្រុមកំពូលមួយនៅលើលោក។
បុរសវ័យ ៦៥ ឆ្នារូបនេះ បានបង្ហាញមុខនៅក្នុងសន្និសីតសារព័ត៌មានផ្លូវការនៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល ក្នុងការទទួលតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល។
បុរសសញ្ជាតិអ៊ីតាលីរូបនេះ បានមកដល់ទឹកដីប្រេស៊ីលបន្ទាប់ពីចំណាយពេលបួនឆ្នាំដឹកនាំ Real Madrid។
Carlo Ancelotti បានចំណាយពេលបួនឆ្នាំដឹកនាំក្រុមអេស្ប៉ាញ Real Madrid និងឈ្នះជើងឯក Champions League បីលើក La Liga ពីរលើកនៃការដឹកនាំ Real Madrid ពីរដង។
មុនដឹកនាំ Real Madrid លោក Ancelotti មានអាជីពជោគជ័យនៅអ៊ីតាលីដែលរួមមានដឹកនាំ AC Milan ឈ្នះជើងឯក Champions League ពីរលើក មុនពេលដឹកនាំ Chelsea ឈ្នះជើងឯក Premier League និង FA Cup ក៏ដូចជាដឹកនាំ Bayern Munich និង Paris Saint Germain ឈ្នះជើងឯកលីគផងដែរ។
ដោយឡែកការមកកាន់តំណែងដឹកនាំក្រុមប្រេស៊ីលនៅពេលនេះ គឺជាទំព័រថ្មីសម្រាប់បុរសសញ្ជាតិអ៊ីតាលីរូបនេះ ដែលពុំធ្លាប់មានបទពិសោធដឹកនាំក្រុមជម្រើសជាតិឡើយពីមុនមក។
និយាយទៅកាន់អ្នកសារព័ត៌មានលោក Carlo Ancelotti ឱ្យដឹងថា កិច្ចការចំពោះមុខគឺជាការងារដ៏លំបាកបំផុតក្នុងអាជីព តែវាជាការប្រកួតប្រជែងថ្មីមួយ ហើយលោកពិតជាមានមោទនភាពដែលទទួលបានសេចក្តីទុកចិត្តឱ្យដឹកនាំក្រុមជើងឯកពិភពលោកប្រាំសម័យ។
ការងាររបស់លោក Ancelotti នៅពេលនេះគឺគោលដៅរបស់ប្រេស៊ីលចង់ឈ្នះជើងឯក World Cup ដែលខកខានតាំងពីឆ្នាំ ២០០២ ដែលឈ្នះចុងក្រោយនៅកូរ៉េ-ជប៉ុន។
ការងារដំបូងរបស់លោក Ancelotti គឺដឹកនាំប្រេស៊ីលប្រកួតជម្រុះ World Cup ពីរប្រកួតដែលរួមមានជួបអេក្វាដ័រ និងប៉ារ៉ាហ្កាយ ខណៈដែលប្រេស៊ីលកំពុងឈរលេខបួនក្នុងតារាងជម្រុះតំបន់អាមេរិកខាងត្បូង៕
អត្ថបទ៖នាង សុភាវុធ