ហ្វីលីពីន៖ ក្រុមអាជ្ញាធរនិយាយថា ព្យុះទីហ្វុង Rai ដ៏មានឥទ្ធិពលនៃប្រភេទព្យុះត្រូពិកផ្សេងៗដែលបានវាយប្រហារប្រទេសហ្វីលីពីនក្នុងពេល ១២ខែមកនេះបានចុះខ្សោយកម្លាំងបន្ទាប់ពីវាយប្រហារភាគខាងត្បូង និងកណ្ដាលនៃប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ ព្យុះទីហ្វុង Rai ដែលវិវឌ្ឍន៍កម្លាំងពីកម្រិតទី១ ទៅជាព្យុះកម្រិតទី៥ បានបំផ្លិចបំផ្លាញផ្ទះសម្បែងជាច្រើន និងបង្ខំប្រជាពលរដ្ឋឲ្យជម្លៀសចេញពីលំនៅឋានជិត ១០០,០០០នាក់នៅកោះ Visayas និងកោះ Palawan។

មន្ទីរព្យាករណ៍អាកាសធាតុ Aldzar Aurelio បានប្រាប់ស្ថានីយវិទ្យុនៅថ្ងៃសុក្រនេះថា ព្យុះនេះបានចុះថយកម្លាំង ខណៈកំពុងបោកបក់ពាសពេញតំបន់ភ្នំក្នុងតំបន់កោះ Visayas។ ព្យុះទីហ្វុង Rai ដែលបានកត់ត្រាថា មានកម្លាំងបោកបក់ដល់ទៅ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង លឿនជាងល្បឿនដែលបានបោកបក់លើដីគោកកាលពីថ្ងៃព្រហស្បតិ៍ បានធ្លាក់មកនៅត្រឹមព្យុះកម្រិតទី៣ វិញ នេះបើយោងតាមគេហទំព័រតាមដានស្ថានភាពព្យុះត្រូពិក។ ព្យុះទីហ្វុងដ៏មានឥទ្ធិពលនេះបានបោះពួយចូលទៅក្នុងប្រទេសហ្វីលីពីន តំបន់ភាគអាគ្នេយ៍កាលពីថ្ងៃព្រហស្បតិ៍ដែលបានផ្ដួលរម្លើងដើមឈើ បំប៉ើងដំបូងផ្ទះ និងកាត់ផ្ដាច់ចរន្តអគ្គិសនី ខណៈបោកបក់ទូទាំងខេត្តកោះជាច្រើន ជាទីដែលពលរដ្ឋជិត ១០០,០០០នាក់ត្រូវបានជម្លៀស។
កងកម្លាំងឆ្មាំសមុទ្រចេញជួយសង្គ្រោះប្រជាពលរដ្ឋ ដែលបានជាប់នៅក្នុងទឹកត្រឹមដើមទ្រូងក្នុងខេត្តមួយនៅភាគខាងត្បូង ជាទីដែលមានភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យលិចភូមិឋានប្រជាពលរដ្ឋជាច្រើន។ យ៉ាងណាក៏ដោយរហូតមកដល់ថ្ងៃសុក្រនេះ ពុំទាន់បញ្ចេញរបាយការណ៍ស្ដីពីការវាយតម្លៃការខូចខាត ឬការបាត់បង់អាយុជីវិតប្រជាពលរដ្ឋនោះទេ។ យោងតាមក្រុមអាជ្ញាធរអាកាសធាតុឲ្យដឹងថា ព្យុះទីហ្វុងប្រមាណ ២០ តែងវាយប្រហារប្រជុំកោះមួយនេះជាធម្មតា៕
អត្ថបទ៖ សុខមាន