ក្លិបបាល់ទាត់ Real Madrid បានប្រកាស និងបង្ហាញអ្នកចាត់ការថ្មីលោក Xabi Alonso ក្រោយរដូវកាល La Liga បានបញ្ចប់។
បុរសវ័យ ៤៣ ឆ្នាំរូបនេះ បានចុះហត្ថលេខារយៈពេលបីឆ្នាំដឹកនាំក្រុមដែលធ្លាប់ប្រកបអាជីពជាកីឡាករជំនួសតំណែងអ្នកចាត់ការសញ្ជាតិអ៊ីតាលី Carlo Ancelotti ដែលចាកចេញទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល។
Real Madrid បានបញ្ចប់រដូវកាលដ៏ខកចិត្តរបស់ខ្លួនដោយមិនឈ្នះពានអ្វីសោះ រួមមានបាត់បង់ពាន La Liga ទៅ Barcelona ចាញ់ Barcelona ដដែលនៅវគ្គផ្តាច់ព្រ័ត្រ Copa del Rey និង Spanish Super Cup និងធ្លាក់ពី Champions League នៅវគ្គ ៨ ក្រុមចុងក្រោយក្រោមស្នាដៃកាំភ្លើងធំ Arsenal។
Xabi Alonso មានអាជីពជោគជ័យនៅពេលដឹកនាំ Leverkusen ដោយឈ្នះជើងឯក Bundesliga រដូវកាលមុនដោយមិនចាញ់មួយប្រកួតសោះ។
អតីតកីឡាករ Liverpool រូបនេះ បាននិយាយថា នេះជាការចាប់ផ្តើមទំព័រថ្មីមួយជំហានទៀតនៃអាជីពជាអ្នកចាត់ការរបស់ខ្លួន ហើយជាជំហានដ៏មានសក្តានុពលមួយដែលទទួលបានការទុកចិត្តឱ្យដឹកនាំក្លិបកំពូលលើលោក។
Alonso ក៏បានជូនពរ និងលើកសរសើរស្នាដៃលោក Carlo Ancelotti និងតែងតែរៀនសូត្រពីអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ។
Xabi Alonso មកដល់ទីក្រុង Madrid ភ្លាមៗមិនចាំបាច់រង់ចាំដល់រដូវក្តៅឡើយ ដោយសារ Real Madrid ត្រូវការអ្នកចាត់ការថ្មីឱ្យបានមុន Club World Cup មកដល់៕
អត្ថបទ៖នាង សុភាវុធ