អាជ្ញាធរប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែល បានវាយប្រហារមជ្ឈមណ្ឌលស្នាក់នៅចំនួន ២៤០កន្លែង សម្រាប់ជនភៀសខ្លួន និងប្រជាជនដែលត្រូវបានជម្លៀស នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា៖«ចំនួនមជ្ឈមណ្ឌលដែលបានរងការវាយប្រហារ បានកើនឡើងដល់ ២៤១កន្លែង។ នេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងមនុស្សធម៌ទាំងអស់ និងការប៉ុនប៉ងច្បាស់លាស់ ដើម្បីបង្កឲ្យមានគ្រោះថ្នាក់ដល់ជនស៊ីវិល តាមដែលអាចធ្វើទៅបាន»។

ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ បានរាយការណ៍មុននេះថា មនុស្ស ៣០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើសាលារៀន Fahmi al-Jarjawi ក្នុងទីក្រុងហ្កាហ្សា។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថ ជនភៀសខ្លួន និងប្រជាជនដែលត្រូវបានជម្លៀស កំពុងស្នាក់នៅក្នុងអគារ។ អាជ្ញាធរនៃតំបន់ដែលត្រូមហ៊ុមព័ទ្ធនេះ បាននិយាយថា យ៉ាងហោចណាស់មានកុមារ ១៨នាក់ក្នុងចំណោមអ្នក ដែលត្រូវបានគេសម្លាប់។
ភាពតានតឹង បានផ្ទុះឡើងម្តងទៀត នៅមជ្ឈិមបូព៌ា នៅថ្ងៃទី ០៧ ខែតុលាឆ្នាំ ២០២៣ នៅពេលដែលក្រុម សកម្មប្រយុទ្ធហាម៉ាស បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សាដោយបានសម្លាប់អ្នកស្រុកនៃតំបន់ព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ថ្នូរជាច្រើននាក់។ ជាការឆ្លើយតប អ៊ីស្រាអែល បានបើកប្រតិបត្តិការមួយនៅក្នុងដែនដីនេះ ដើម្បីមកម្ទេចរចនាសម្ព័ន្ធយោធា និងនយោបាយរបស់ក្រុមហាម៉ាស និងដោះលែងចំណាប់ខ្មាំងទាំងអស់។
