ប្រទេសយ៉ាងហោចណាស់ចំនួន៧នៅក្នុងតំបន់ញកអាហ្វ្រិក ត្រូវបានគេរំពឹងថានឹងមានសីតុណ្ហភាពហក់ឡើងខ្ពស់ជាងធម្មតានៅចន្លោះខែមិថុនា និងខែសីហា នេះបើយោងតាមមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ នៃអាជ្ញាធរអន្តររដ្ឋាភិបាលលើការអភិវឌ្ឍន៍ (IGAD) ដែលជាប្លុកប្រចាំតំបន់។

នៅក្នុងការប្រកាសព្រមាន ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ នៅក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ បាននិយាយថាប្រទេសទាំងនេះ រួមមានប្រទេសអេត្យូពី សូម៉ាលី កេនយ៉ា អ៊ុយហ្គង់ដា រ៉្វាន់ដា ប៊ូរុនឌី និងប្រទេសតង់ហ្សានី។ ប្រទេសមួយចំនួន នឹងកត់ត្រាសីតុណ្ហភាពលើសពី៣២អង្សាសេក្នុងអំឡុងពេលនោះ។
មជ្ឈមណ្ឌលនិយាយថា សីតុណ្ហភាពតាមរដូវកាលត្រូវបានគេរំពឹងថានឹងក្តៅជាងធម្មតា។ សីតុណ្ហភាពហក់ឡើងខ្ពស់ នឹងត្រូវបានកត់ត្រា ទោះបីជាតំបន់នេះត្រូវបានគេរំពឹងថានឹងមានភ្លៀងធ្លាក់ច្រើនហួសពីធម្មតានៅក្នុងប្រទេសភាគច្រើនក្នុងអំឡុងពេលនោះក៏ដោយ។
ទោះជាយ៉ាងណា ទីភ្នាក់ងារអាកាសធាតុបាននិយាយថា ផ្នែកខ្លះនៃតំបន់ ជាពិសេសភាគខាងលិចប្រទេសអេត្យូពី ភាគខាងលិចនិងភាគឦសានប្រទេសស៊ូដង់ខាងត្បូង និងភាគកណ្តាលប្រទេសស៊ូដង់ខាងត្បូង នឹងក្តៅស្ងួតជាងធម្មតា ដោយសារតែបម្រែបម្រួលអាកាសធាតុនៅតែបន្តប៉ះពាល់ដល់អាហ្វ្រិកខាងកើត និងអាហ្វ្រិកកណ្តាល។

