ភ្នំពេញ៖ រដ្ឋាភិបាលថៃ បានបង្ហាញនូវការចូលរួមអបអរសាទ និងជូនពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលនឹងក្លាយជាប្រធានអាស៊ាន នៅឆ្នាំ២០២២ និងជូនពរឱ្យកម្ពុជាទទួលបានជោគជ័យ។
សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះ បានអនុញ្ញាតឱ្យឯកឧត្តម ដន ប្រាម៉ាត់វីណៃ (Don pramudwinai) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងជំនួបនេះ ឯកឧត្តម ប្រាម៉ាត់ វិស័យ បានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ជូនចំពោះសម្តេច សូមឱ្យសម្តេចទទួលបានជោគជ័យក្នុងពេល ដែលសម្តេចនឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំ២០២២។
ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណចំពោះឯកឧត្ដម វីណៃ ដែលបាននាំមកនូវសារនៃការអបអរសាទរ និងជូនពរពីនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចារ ហើយសម្ដេចក៏បានជម្រាបជូនឯកឧត្ដម វីណៃ អំពីគោលដៅសំខាន់ ដែលត្រូវធ្វើក្នុងនាមជាប្រធានអាស៊ាន គឺការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ទី១. គឺធ្វើយ៉ាងណាបើកសេដ្ឋកិច្ច-សង្គម កិច្ចឡើងវិញ ទាំងតភ្ជាប់រវាងប្រជាជន និងប្រជាជននៅក្នុងអាស៊ាន។ ទី២. គឺពង្រឹងមិត្តភាព សាមគ្គីភាព និងជំរុញកិច្ច សហប្រតិបត្តិការរវាងប្រទេសអាស៊ាន។ ទី៣. សម្តេចបានជម្រាបជូនឯកឧត្ដម វីណៃ អំពីជំហររបស់កម្ពុជាទាក់ទងទៅ នឹងសមុទ្រចិនខាងត្បូង ដោយសម្តេចថា នឹងខិតខំជំរុញការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវស៊ីអូស៊ី (COC)និងជំរុញឲ្យប្រទេស ដែលពាក់ព័ន្ធ ធ្វើការចរចាគ្នា ខិតខំប្រឹងប្រែងធ្វើយ៉ាងណាសម្រេចទៅតាមស៊ីអូស៊ីឲ្យបាន។
ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ បានមកដល់កម្ពុជានៅយប់ថ្ងៃទី១៦ ខែធ្នូនេះ ដើម្បីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញមកធ្វើជាសហប្រធាន ជាមួយឯកឧត្តម ឧបនាយករដ្ឋ មន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចប្រជុំលើក ទី១១ នៃគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JC) រវាងកម្ពុជា និងថៃ ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ធ្នូ នៅរាជធានីភ្នំពេញ៕អត្ថបទ៖ មុត សុទ្ធ