នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese នៅថ្ងៃអង្គារ (ទី២៧ ខែឧសភា) នេះ បាននិយាយថា ទឹកជំនន់ នៅភាគអាគ្នេយ៍ បានបង្កជា «បញ្ហាប្រឈមដ៏ធំ» ហើយការងើបឡើងវិញ នឹងចំណាយពេលជាច្រើនខែ។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់ឥតឈប់ឈរ ក្នុងរយៈពេល ៣ថ្ងៃ បានបង្កឲ្យមានទឹកជំនន់ដ៏ធំ នៅទីប្រជុំជននៃជនបទជាច្រើន ក្នុងតំបន់ Hunter និង Mid North Coast នៃរដ្ឋ New South Wales ជារដ្ឋដែលមានប្រជាជនច្រើនជាងគេរបស់ប្រទេសអូស្ត្រាលី ខណៈទឹកទន្លេដែលហក់ឡើងខ្ពស់យ៉ាងឆាប់រហ័ស បានធ្វើឲ្យមនុស្សជាង ៥០.០០០នាក់ជាប់ទៅណាមិនរួច កាលពីសប្តាហ៍មុន។

ពីទីក្រុង Taree ដែលរងគ្រោះដោយទឹកជំនន់ នៅចម្ងាយជាង ៣០០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងស៊ីដនី លោក Albanese បានប្រាប់អ្នកសារព័ត៌មានថា៖ «នៅតែមានបញ្ហាប្រឈមដ៏ធំ។ នេះមិនមែនជាអ្វីដែលនឹងបាត់ទៅវិញ ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃ ឬសប្តាហ៍ ឬសូម្បីតែប៉ុន្មានខែនោះឡើយ។ វានឹងត្រូវការពេលវេលា សម្រាប់ការងើបឡើងវិញ ប៉ុន្តែប្រជាជនអូស្ត្រាលីរឹងមាំណាស់»។
ទិន្នន័យផ្លូវការ បានបង្ហាញថា ទីក្រុង Taree មានកម្រិតទឹកភ្លៀងត្រឹមតែជាង ៦០០មីលីម៉ែត្រ ក្នុងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ពោលគឺប្រហែលពាក់កណ្តាលនៃកម្រិតមធ្យមប្រចាំឆ្នាំរបស់ទីក្រុងនេះ។
អូស្ត្រាលីបានរងគ្រោះដោយការកើនឡើងនូវព្រឹត្តិការណ៍អាកាសអាក្រក់ធាតុធ្ងន់ធ្ងរ ដែលអ្នកជំនាញមួយចំនួនលើកឡើងថា ដោយសារតែបម្រែបម្រួលអាកាសធាតុ។ បន្ទាប់ពីមានគ្រោះរាំងស្ងួត និងការបំផ្លិចបំផ្លាញដោយចំហេះព្រៃ នៅចុងទស្សវត្សរ៍ចុងក្រោយនេះ ការមានទឹកជំនន់ញឹកញាប់ បានបង្កជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីដើមឆ្នាំ២០២១៕


