ទីក្រុងគីវ កាលពីថ្ងៃចន្ទ (ទី២៦ ខែឧសភា) បានប្រាប់ឲ្យដឹងថា រុស្ស៊ីបានបាញ់បង្ហោះយានដ្រូនទ្រង់ទ្រាយធំបំផុតរបស់ខ្លួនយ៉ាងសន្ធាប់ លើអ៊ុយក្រែន នាពេលយប់ ពោលគឺត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីលោក Donald Trump បានហៅលោក Vladimir Putin ថា ជាមនុស្ស «ផ្ដេសផ្ដាស» ហើយបានព្រមានទីក្រុងមូស្គូថា នឹងត្រូវប្រឈមជាមួយទណ្ឌកម្មថ្មី ប្រសិនបើខ្លួននៅតែបន្តទម្លាក់គ្រាប់បែកដ៏អាក្រក់របស់ខ្លួននេះ។
ប្រធានាធិបតីអាមេរិកបានប្រឹងប្រែងសម្របសម្រួលបញ្ចប់សង្រ្គាមរយៈពេល ៣ឆ្នាំនេះ ប៉ុន្តែបានបរាជ័យក្នុងការធ្វើឲ្យវិមានក្រឹមឡាំងព្រមសម្បទាន បើទោះបីជាមានការចរចាម្តងហើយម្តងទៀត និងការជជែកតាមទូរសព្ទជាច្រើនលើក រវាងលោក និងប្រធានាធិបតីរុស្ស៊ីក៏ដោយ។

ក្រុមមន្ត្រីអ៊ុយក្រែន បានប្រាប់ឲ្យដឹងថា អស់រយៈពេល ៣យប់ជាប់ៗគ្នា រុស្ស៊ីបានវាយប្រហារអ៊ុយក្រែន ដោយយានដ្រូនទ្រង់ទ្រាយធំបំផុត ដោយបានធ្វើឲ្យប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនធ្វើការយ៉ាងខ្លាំងក្លា និងបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៣នាក់ស្លាប់ កាលពីថ្ងៃទី២៥ ខែឧសភា។
កងទ័ពអាកាសអ៊ុយក្រែនបានប្រាប់ថា រុស្ស៊ីបានបាញ់បង្ហោះយានដ្រូនប្រភេទ Shahed ចំនួន ៣៥៥គ្រឿង ក្នុងនោះមានរួមទាំងយានបំភ័ន្តផងដែរ ជាការវាយប្រហារលុកលុយដោយយានដ្រូនទ្រង់ទ្រាយធំបំផុត រវាងយប់ថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី២៦ ខែឧសភា ហើយមីស៊ីលតម្រង់គោលដៅ ៩គ្រាប់ ក៏ត្រូវបានប្រើប្រាស់ផងដែរ៕


