បន្ទាប់ពីមានការជជែកតាមទូរសព្ទជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក ស្នងការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប (EU) លោក Maros Sefcovic កាលពីថ្ងៃចន្ទ (ទី២៦ ខែឧសភា) បាននិយាយថា ប្លុកនៅតែ «ប្តេជ្ញាចិត្តទាំងស្រុង» ក្នុងការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
ទំនាក់ទំនងនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី២៣ ខែឧសភា បានគំរាម តែបន្ទាប់មកបានពន្យារវិញ នឹងយកពន្ធកម្រិតខ្ពស់លើទំនិញរបស់ EU ដោយបានសម្តែងការខកចិត្តដែលកិច្ចពិភាក្សាជាមួយ EU «មិនមានវឌ្ឍនភាពសោះ»។
តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X លោក Sefcovic បានប្រាប់ថា លោកមាននូវ «ការជជែកគ្នាដ៏ល្អតាមទូរសព្ទ« ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Howard Lutnick និងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer។ ហើយលោកបានបន្ថែមថា៖ «យើងនៅតែបន្តមានទំនាក់ទំនងជាមួយគ្នាជាប់ជានិច្ច»។
លោក Trump បានអំពាវនាវឲ្យលុបបំបាត់អតិរេករបស់ EU ក្នុងពាណិជ្ជកម្មទំនិញជាមួយសហរដ្ឋអាមេរិក ។ កាលពីថ្ងៃទី២៣ ខែឧសភា លោកបានគំរាមដាក់ពន្ធ ៥០ភាគរយលើប្លុកនេះ ចាប់ពីថ្ងៃទី១ ខែមិថុនា ជាការប្រកាសដែលបានធ្វើឲ្យទីផ្សារវឹកវរ។ ប្រធានាធិបតីអាមេរិក បានផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្លុកនេះរួចហើយ ជាមួយនឹងការកម្រិតពន្ធជាបន្តបន្ទាប់ ក្នុងនោះរួមទាំងអត្រាពន្ធ ២៥ភាគរយលើរថយន្ត ដែក និងអាលុយមីញ៉ូមផងដែរ៕