យោធាអ៊ីស្រាអែល បានអះអាងនៅថ្ងៃអង្គារនេះថា ខ្លួនបានស្ទាក់ចាប់មីស៊ីលចំនួន ពីរគ្រាប់ ដែលបាញ់ចេញពីប្រទេសយេម៉ែន ជាទីដែលក្រុមហ៊ួទី បានបើកការវាយប្រហារជាប្រចាំ ដែលពួកគេនិយាយថា ជាការឆ្លើយតបទៅនឹងការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។
យោធាអ៊ីស្រាអែលបានសរសេរនៅលើបណ្តាញសង្គមTelegram ថា៖«បន្ទាប់ពីសំឡេងស៊ីរ៉ែនដែលបន្លឺឡើង ភ្លាមៗមុននេះ នៅក្នុងតំបន់ជាច្រើន ក្នុងប្រទេសអ៊ីស្រាអែល មីស៊ីលដែលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ត្រូវបានស្ទាក់ចាប់»។

យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា មីស៊ីលមួយគ្រាប់ ត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងអាកាស ដោយមិនមានស៊ីរ៉ែនត្រូវបានធ្វើឲ្យដំណើរការទេ។
ក្រុមហ៊ួទីបានវាយប្រហារដោយមីស៊ីល និងយានដ្រូនម្តងហើយម្តងទៀត ទៅលើអ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមហ្កាហ្សា បានផ្ទុះឡើង ក្នុងខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស ទៅ លើអ៊ីស្រាអែល។
ក្រុមហ៊ួទីដែលនិយាយថា ពួកគេកំពុងធ្វើសកម្មភាព ក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន បានផ្អាកការវាយប្រហាររបស់ពួកគេ ក្នុងអំឡុងពេលបទឈប់បាញ់នៅតំបន់ហ្កាហ្សារយៈពេល ពីរខែ ដែលបានបញ្ចប់ក្នុងខែមីនា ប៉ុន្តែបានបន្តការវាយលុកជាថ្មី បន្ទាប់ពីអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនឡើងវិញ នៅក្នុងទឹកដីនេះ។
