ប្រទេសជាង១០ នៅអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងចេញសេចក្តីប្រកាសមួយដែលលើកឡើងពី «ក្ដីបារម្ភយ៉ាងខ្លាំងក្លា» អំពីច្បាប់ហុងគ្រីដែលប៉ះពាល់ដល់អ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ+)។ នេះបើយោងតាមសេចក្តីប្រកាសព្រាងដែលត្រូវបានឃើញដោយសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ (ទី២៦ ខែឧសភា)។
គួររំលឹកថា សភារបស់ប្រទេសហុងគ្រី បានអនុម័តច្បាប់កាលពីខែមីនា ដើម្បីហាមប្រាមការដង្ហែក្បួនមោទកភាពប្រចាំឆ្នាំរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា នៅទីនោះ និងអនុញ្ញាតឲ្យនគរបាលប្រើកាមេរ៉ាសម្គាល់មុខ ដើម្បីកំណត់អត្តសញ្ញាណអ្នកដែលចូលរួម។ ក្នុងខែមេសា សភាក៏បានអនុម័តផងដែរនូវការកែប្រែនៅក្នុងរដ្ឋធម្មនុញ្ញដែលចែងថា ប្រទេសហុងគ្រីទទួលស្គាល់ភេទតែ ២ប៉ុណ្ណោះ គឺប្រុស និងស្រី។
ប្រទេសហត្ថលេខី ដែលរួមមានប្រទេសដូចជាហូឡង់ សាធារណរដ្ឋឆេក ហ្វាំងឡង់ និងស៊ុយអែតជាដើម បានសរសេរថា៖ «យើងមានក្ដីបារម្ភយ៉ាងខ្លាំង ចំពោះការវិវត្តទាំងនេះ ដែលផ្ទុយទៅនឹងតម្លៃជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូររបស់មនុស្ស សេរីភាព សមភាព និងការគោរពសិទ្ធិមនុស្ស»។
អ្នកនាំពាក្យហុងគ្រីមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយតាមអ៊ីម៉ែល។ សេចក្តីប្រកាសនេះ កើតឡើងនៅមុនសវនាការជាទៀងទាត់ដែលគ្រោងធ្វើនៅថ្ងៃអង្គារនេះ ជាការជួបជុំដែលរដ្ឋមន្ត្រីសហភាពអឺរ៉ុប នឹងពិភាក្សាអំពីហានិភ័យនៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ប្រទេសហុងគ្រី ចំពោះតម្លៃរបស់ប្លុកនេះ៕