រជ្ជទាយាទគុយវ៉ែតព្រះអង្គម្ចាស់ Sheikh Sabah Al-Khalid Al-Sabah មានបន្ទូលនៅកិច្ចប្រជុំកំពូលអាស៊ាន- GCC លើកទី ២ថា ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រអារ៉ាប់(GCC) រំពឹងថា ពាណិជ្ជកម្មជាមួយអាស៊ាននឹងឈានដល់តម្លៃ ១៨០ពាន់លានដុល្លារនៅឆ្នាំ ២០៣២ខាងមុខ ។

ព្រះអង្គមានបន្ទូលថា ក្រៅពីវិស័យពាណិជ្ជកម្ម វាសំខាន់ផងដែរក្នុងការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្រ្តក្នុងវិស័យជាច្រើន ដូចជាសន្តិសុខស្បៀង និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល ។
ព្រះអង្គម្ចាស់ Al-Sabah មានបន្ទូលទៀតថា នៅក្នុងវិស័យសេដ្ឋកិច្ច និងការវិនិយោគទុន ក្រុមប្រឹក្សា GCC ពេញចិត្តក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី ៧របស់អាស៊ាននៅឆ្នាំ ២០២៣ជាមួយទឹកប្រាក់សរុប ១៣០,៧ពាន់លានដុល្លារ ហើយរំពឹងថា នឹងមើលឃើញកំណើនពាណិជ្ជកម្មឈានដល់ ១៨០ពាន់លានដុល្លារនៅឆ្នាំ ២០៣២ ។
គួរឲ្យដឹងថា ម៉ាឡេស៊ីគឺជាប្រធានកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំនេះ ។ ក្រុមមេដឹកនាំអាស៊ីអាគ្នេយ៍ត្រូវបានគេរំពឹងផងដែរថានឹងជួបជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Qiang នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលមួយនេះ ។
ជំនួបនេះដែរ បានកើតមានឡើង ស្របពេលកើតមានភាពប្រែប្រួលនៃទីផ្សារសកល និងកំណើនសេដ្ឋកិច្ចយឺតយ៉ាវ បង្កឡើងដោយសារការគំរាមកំហែងដំឡើងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ៕
