យោងតាមការអះអាងរបស់ក្រុមលើកលែងទោសអន្តរជាតិ បានឲ្យដឹងថា ក្រុមឧទ្ទាម M23នៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រព្រឹត្តការបំពានធ្ងន់ធ្ងរលើជនស៊ីវិល រួមទាំងការធ្វើទារុណកម្ម ការកាប់សម្លាប់ និងបង្ខំឲ្យមានការបាត់ខ្លួននៅតាមតំបន់មួយចំនួនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ ។
ពួកគេនិយាយនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃអង្គារនេះថា សកម្មភាពទាំងនេះ បានបំពានលើច្បាប់មនុស្សធម៌អន្តរជាតិ និងអាចជាឧក្រិដ្ឋកម្មសង្រ្គាម ។
ការចោទប្រកាន់នេះដែរ បានកើតមានឡើង ស្របពេលការហក់ឡើងខ្ពស់សារជាថ្មីនៃអំពើហិង្សាដែលបានផ្ទុះឡើងកាលពីខែមករា ពេលដែលក្រុមឧទ្ទាម M23គាំទ្រដោយប្រទេសរ៉្វាន់ដា ដណ្តើមបានទីក្រុងយុទ្ធសាស្រ្ត Gomaរបស់ខេត្ត North Kivu ។ ក្រុមឧទ្ទាមមួយនេះ បន្តរឹបអូសបានទីក្រុង Bukavu ស្ថិតក្នុងខេត្ត South Kivu កាលពីខែកុម្ភៈ ធ្វើឲ្យជម្លោះកើនឡើងកាន់តែខ្លាំង និងមើលឃើញមនុស្សរាប់ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួន ។
ចន្លោះខែកុម្ភៈ និងខែមេសា អ្នកស្រាវជ្រាវក្រុមលើកលែងទោសអន្តរជាតិនិយាយទៅកាន់មនុស្ស ១៨នាក់ដែលធ្លាប់ត្រូវបានឃុំឃាំងដោយក្រុមឧទ្ទាម M23 ។ ភាគច្រើននៃពួកគេនិយាយថា ពួកគេត្រូវបានឃុំខ្លួនដោយសារការចោទប្រកាន់ថាគាំទ្រកងទ័ពកុងហ្គោ ឬរដ្ឋាភិបាល គឺជាអំណះអំណាងមួយគ្មានភ័ស្តុតាង ។ មនុស្សជាច្រើននាក់ទៀត មិនត្រូវបានគេនិយាយប្រាប់ថា ហេតុអ្វីបានជាពួកគេត្រូវបានឃាត់ខ្លួននោះទេ ៕