យោងតាមការវាយតម្លៃភូមិសាស្ត្រថ្មីរបស់អង្គការស្បៀងអាហារ និងកសិកម្ម(FAO) និងមជ្ឈមណ្ឌលផ្កាយរណបអង្គការសហប្រជាជាតិ(UNOSAT) បានឲ្យដឹងថា តិចជាង ៥ភាគរយប៉ុណ្ណោះនៃដីកសិកម្មនៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប អាចដាំដុះបាន ។
កាលពីថ្ងៃចន្ទម្សិលមិញ អង្គការ FAO បានចាត់ទុកស្ថានភាពស្ថិតក្នុងភាពអាសន្ន ដោយពួកគេធ្វើការព្រមានពីការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ស្របពេលសង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា កំពុងធ្វើឲ្យសមត្ថភាពផលិតស្បៀងកាន់តែធ្ងន់ធ្ងរថែមមួយកម្រិតទៀត និងធ្វើឲ្យហានិភ័យកើតមានកាន់តែខ្លាំងចំពោះគ្រោះទុរ្ភិក្ស ។

នៅក្នុងការវាយតម្លៃរួម រកឃើញថា ដីកសិកម្មសរុបជាង ៨០ភាគរយនៅតំបន់ហ្កាហ្សា រងការខូចខាត ខណៈដីដាំដំណាំ ៧៧,៨ភាគរយ បច្ចុប្បន្នកសិករមិនអាចចូលទៅដល់ ។ មានដីតែ ៦៨៨ហិចតាប៉ុណ្ណោះ ឬស្មើនឹង ៤,៦ភាគរយនៃដីកសិកម្ម អាចប្រកបដំណាំចម្ការបាន ។
ការបំផ្លិចបំផ្លាញធ្វើឲ្យខូចខាតផ្ទះកញ្ចក់ និងធនធានទឹកនៅក្នុងតំបន់ហ្កាហ្សា ក្នុងនោះ ផ្ទះកញ្ចក់ ៧១,២ភាគរយ និងអណ្តូងកសិកម្ម ៨២,៨ភាគរយ ត្រូវបានខូចខាតផងដែរ ។
លោក Beth Bechdol គឺជាអគ្គនាយករដ្ឋអង្គការ FAO និយាយថា កម្រិតនៃការបំផ្លិចបំផ្លាញនេះមិនត្រឹមតែជាការបាត់បង់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ តែវាគឺជាការដួលរលំនៃប្រព័ន្ធកសិកម្ម និងខ្សែជីវិតនៅក្នុងតំបន់ហ្កាហ្សាផងដែរ ។
លោកបន្តថា អ្វីដែលធ្លាប់ផ្តល់ជាស្បៀងអាហារ ប្រាក់ចំណូល និងស្ថិរភាពដល់មនុស្សរាប់ម៉ឺន-រាប់សែននាក់ ឥឡូវប្រែក្លាយជាគំនរបាក់បែក ។ ពេលដែលដីកសិកម្ម ផ្ទះកញ្ចក់ និងអណ្តូងកសិកម្មត្រូវបានបំផ្លិចបំផ្លាញបែបនេះ ការផលិតស្បៀងក្នុងស្រុកក៏ត្រូវបញ្ឈប់ដូចគ្នា ។ ការសាងសង់ឡើងវិញត្រូវការការវិនយោគទុនដ៏ច្រើនលើសលុប ហើយនិងការប្តេជ្ញាចិត្តប្រកបដោយនិរន្តរភាព ដើម្បីស្តាឡើងវិញទាំងជីវភាព និងក្តីសង្ឃឹមរបស់ជនប៉ាឡេស្ទីន ៕
