ឧត្តរមានជ័យ៖ នៅថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២១នេះ មន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ បានរៀបចំសិក្ខាសាលា បូកសរុបលទ្ធផលការងារបញ្ជ្រាបយេនឌ័រ នឹងបង្កើតភាពអង់អាចដល់ស្រ្តីថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០២១ លើកទិសដៅអនុវត្តបន្តឆ្នាំ២០២២។
ក្នុងអង្គសិក្ខាសាលានោះដែរលោកស្រី ឯក ភារុំ ប្រធានមន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ បានលើកឡើងថា សិក្ខាសាលានេះ មានគោលបំណងដាក់ចេញនូវលទ្ធផល និងសកម្មភាពគន្លឹះសំខាន់ៗ សម្រាប់ប្រត្តិបត្តិការនានា ឈានទៅសម្រេចបាន នូវការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនសមត្ថិភាពភាពអង់អាចដល់ស្រ្តីក្នុងដំណើរការ អភិវឌ្ឍន៍នូវគ្រប់ដំណាក់កាល និងគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំផែនការរបស់ខ្លួននីមួយៗឲ្យស្របទៅតាម គោលនយោបាយរបៀបវារៈ និងឯកសារគតិយុត្តនានា សំដៅចូលរួមលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រី្ត របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ជាមួយគ្នានោះដែរឯកឧត្ដម ស៊ី ប្រាសិទ្ធ បានមានប្រសាសន៍លើកឡើងថា ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ស្រ្តីគឺត្រូវពង្រឹងសមភាពយេនឌ័រនៅក្នុងមុំទី៤ នៃចតុកោណ សី្តពីការអភិវឌ្ឍធនធានមនុស្សដែលរាជរដ្ឋាភិបាល ផ្តោតលើការពង្រឹងតួនាទីស្រី្តមានសិទ្ធិស្មើនឹងបុរសដែលបានចាត់ទុកស្រ្តីគឺ ជាឆ្អឹងខ្នងដ៏សំខាន់មួយនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិដោយបានដាក់ចេញជាយុទ្ធសាស្រ្ត២ ចំណុចសំខាន់ៗរួមមាន៖
១-ការបន្តលើកកម្ពស់តួនាទីស្រី្តតាមរយៈការបង្កើនសមាមាត្រ និងការពង្រឹងសមត្ថភាពស្រី្តក្នុងជួរថា្នក់ដឹកនាំទាំងនៅថា្នក់ជាតិ និងថា្នក់ក្រោមជាតិទាំងកម្រិតនយោបាយ និងកម្រិតជំនាញ។
២- ការធ្វើបច្ចុប្បន្នភាព និងអនុវត្តផែនការយុទ្ធសាស្រ្តនារីរតនៈដោយបន្តជំរុញការបញ្រ្ជាបយេនឌ័រ ទៅក្នុងគោលនយោបាយ និងផែនការអភិវឌ្ឍគ្រប់ផែ្នក គ្រប់វិស័យ និងគ្រប់កម្រិតដើម្បីបន្ត លើកកម្ពស់សហគ្រិនភាពរបស់ស្រី្តតាមរយៈការពង្រឹងកម្មវិធីអប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ស្រី្តព្រមទាំងបន្ត លើកកម្ពស់សីលធម៌សង្គម តម្លៃស្រី្ត និងគ្រួសារខ្មែរ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងពង្រឹងភាពជាដៃគូររវាងសា្ថប័នពាក់ព័ន្ធសំដៅទប់ស្កាត់ឲ្យបាននូវការជួញដូរ និងអំពើហិង្សាលើស្រី្ត និងកុមារផងដែរ។
យ៉ាងណាម៉ិញក្នុងអង្គសិក្ខាសាលានោះដែរ ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្តក៏បានអំពានាវដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជា្ញធរមូលដ្ឋានគ្រប់កម្រិតដែលជាអ្នកអនុវត្ត និងទទួលខុសត្រូវដោយផ្ទាល់ ត្រូវផ្ដួចផ្ដើមដាក់បញ្ជូលការងារបញ្រ្ជាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ទៅក្នុងផែនការវិស័យរបស់ខ្លួនឲ្យខាន់តែបានផងដែរ សំរាប់យុទ្ធសាស្រ្តឆ្នាំ២០២២នេះ៕
អត្ថបទ៖ ឃិន សារិទ្ធ


