យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងថា ចំនួនជនប៉ាឡេស្ទីនស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើដែនដីឡោមព័ទ្ធមួយនេះ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង បច្ចុប្បន្នបានកើនឡើងដល់ជាង ៥៤.០០០នាក់ហើយ ។
អ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត Al Jazeera នៅទីក្រុងវ៉ាស៊ីនតោន និយាយថា សារខ្វែងគំនិតគ្នាខ្លាំងកើតចេញពីក្រុមហាម៉ាស និងក្រុមមន្រ្តីសហរដ្ឋអាមេរិក ស្របពេលមានសេចក្តីរាយការណ៍ថា ក្រុមជីវពលប៉ាឡេស្ទីនមួយនេះ យល់ព្រមនឹងសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិកសម្រាប់តំបន់ហ្កាហ្សា ។
ខណៈពេលនោះដែរ មូលនិធិមនុស្សធម៌ហ្កាហ្សា បានចេញនូវរូបថតសន្លឹកនៃការចែកចាយជំនួយធ្វើឡើងនៅតំបន់គ្រប់គ្រងដោយអ៊ីស្រាអែលនៅភាគខាងត្បូងហ្កាហ្សា ស្របពេលមានការរិះគន់ថា ការរៀបចំបែបនេះ គឺកំពុងប្រើប្រាស់ជំនួយមនុស្សធម៌ជាឧបករណ៍នយោបាយ ។
ចំណែកឯ ក្រុមហាម៉ាស បានធ្វើការអំពាវនាវដល់អង្គការ និងស្ថាប័ននៅទូទាំងពិភពលោកឲ្យបង្កើនគ្រប់ទម្រង់នៃវិធានការសកល ស្របពេលដែលសង្រ្គាមមួយនេះ ឈានដល់រយៈពេល ៦០០ថ្ងៃ ។
ដោយឡែក ប្រេសិតពិសេសពាណិជ្ជកម្មអង់គ្លេសប្រចាំនៅអ៊ីស្រាអែល នឹងជួបជាមួយក្រុមធុរកិច្ច និងក្រុមមន្រ្តីអ៊ីស្រាអែល រយៈពេល ១សប្តាហ៍ ក្រោយរដ្ឋាភិបាលអង់គ្លេស និយាយថា ពួកគេបានផ្អាកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយប្រទេសមួយនេះ ជុំវិញសង្រ្គាមនៅតំបន់ហ្កាហ្សា ៕