វីដេអូដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គមនាថ្ងៃអង្គារនេះ ឃើញសំណុំផ្សែងពណ៌ខ្មៅហុយពេញផ្ទៃមេឃនៅខេត្តភាគខាងកើត Shandong ប្រទេសចិន ក្រោយហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយ បានកើតឡើងនៅរោងចក្រគីមី ។
សារព័ត៌មានរដ្ឋចិន រាយការណ៍ឧបទ្ទេវហេតុនេះនៅថ្ងៃអង្គារ ដោយពុំបានផ្តល់សេចក្តីលម្អិតពីគ្រោះថ្នាក់នោះទេ ។
ក្រសួងសង្រ្គោះបន្ទាន់ចិន និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅវេលាម៉ោង ១១ និង ៥៧នាទីព្រឹក ម៉ោងក្នុងស្រុកថ្ងៃអង្គារ នៅរោងចក្រគីមី Youdao ស្ថិតក្នុងទីក្រុង Gaomi ខេត្ត Shandong ។
ក្រុមការងារសង្រ្គោះបន្ទាន់ជាង ២០០នាក់ បានឆ្លើយតបនឹងហេតុការណ៍ផ្ទុះនេះ បង្កឲ្យមានការជជែកគ្នានៅលើបណ្តាញព័ត៌មានសង្គមពីគ្រោះថ្នាក់នៃការបញ្ចេញឧស្ម័នពុល ។
ក្រុមមន្រ្តីរដ្ឋាភិបាល បានជំរុញឲ្យក្រុមការងារសង្រ្គោះបន្ទាន់ព្យាយាមទប់ស្កាត់ឲ្យបានអគ្គិភ័យនៅរោងចក្រ ហើយនិងបញ្ជាក់ពីចំនួនគ្រោះថ្នាក់ ៕