ព្យុះកួចបានវាយប្រហារទូទាំងទីក្រុង Puerto Varas ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសឈីលីកាលពីថ្ងៃអាទិត្យ ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរកាលពីថ្ងៃចន្ទ បានឲ្យដឹងថា អាកាសធាតុអាក្រក់នេះ បណ្តាលឲ្យមនុស្ស ១៩នាក់ រងរបួស ក្នងនោះផ្ទះ ២៥០ខ្នង ត្រូវបានត្រួតពិនិត្យសម្រាប់ការខូចខាត ហើយអគារជាង ៤.៥០០ខ្នងគ្មានចរន្តអគ្គិសនី ។
ក្រុមមន្រ្តីឧតុនិយមនិយាយថា ព្យុះកួចបែបនេះ តែងតែកើតមាននៅក្នុងប្រទេសឈីលី ជាពិសេសចន្លោះខែឧសភា និងខែមិថុនា ហើយវាត្រូវបានគេមើលឃើញកើតឡើងញឹកញាប់ជាងមុន ។
ពួកគេបានព្រមានផងដែរថា ដោយសារបម្រែបម្រួលអាកាសធាតុ បាតុភូតបែបនេះ អាចនឹងកើតឡើងញឹកញាប់ជាងមុន ។
ក្រុមប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Puerto Varas និយាយប្រាប់អ្នកសារព័ត៌មានថា ព្យុះកួចកាលពីថ្ងៃអាទិត្យកើតឡើងឆាប់រហ័សជាមួយសន្ទុះខ្យល់បក់ខ្លាំង ។
ខណៈពេលនោះដែរ ប្រធានាធិបតីឈីលីលោក Gabriel Boric បានចុះវាយតម្លៃគ្រោះថ្នាក់នេះ ។ លោកនិយាយថា ប្រទេសឈីលីមាននូវព្យុះកួចមិនធ្លាប់មានពីមុនដែលត្រូវបានចាត់ថ្នាក់ថាជា ព្យុះកម្រិតទី ១ ធ្វើឲ្យប៉ះពាល់ដល់ទីក្រុង Puerto Varas ។
លោកបន្តថា ពេលវាកើតឡើងនៅវេលាម៉ោង ៣ និង ៣០នាទីរសៀល ម៉ោងក្នុងស្រុក ថ្ងៃអាទិត្យ ធនធានទាំងអស់របស់រដ្ឋ ត្រូវបានដាក់ពង្រាយជាបន្ទាន់ ដើម្បីគាំទ្រដល់អ្នករងផលប៉ះពាល់ ៕