បាល់ទាត់៖ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations ដែលមានពាក្យចចាមអារ៉ាមថាលុបចោលនោះ នៅពេលនេះគណៈកម្មាធិការរៀបចំការប្រកួត ជាពិសេសម្ចាស់ផ្ទះកាម៉េរូនបានបញ្ជាក់ហើយថា ការប្រកួតនឹងដំណើរការទៅបានតាមការគ្រោងទុក។ មួយរយៈចុងក្រោយនេះមានសារព័ត៌មានកីឡាធំៗបានចុះផ្សាយថា ការប្រកួតព្រឹតិ្តការណ៍ធំជាងគេប្រចាំទ្វីបអាហ្វ្រិកមួយនេះអាចនឹងត្រូវលុបចោល រឺក៏លើកពេលបន្តទៀត ដោយសារការផ្ទុះរីករាលដាលឆ្លងខ្លាំងនៃមេរោគបម្លែងខ្លួន Covid-19 អូមីក្រុង។

ជាមួយគ្នានោះដែរសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិកក៏បានស្នើឱ្យ FIFA ជួយផងដែរដើម្បីធ្វើអន្តរាគមដល់បណ្តាក្លិបនៅអឺរ៉ុប ឱ្យបញ្ជូនកីឡាករអាហ្វ្រិកមកជួយក្រុមជំរើសជាតិ បន្ទាប់ពីបណ្តាក្លិបអាជីពទាំងនោះមិនចង់ដោះលែងកីឡាកររបស់ខ្លួន មកដោយសារព្រួយបារម្ភពីកាលវិភាគប្រកួតដ៏មមាញឹករបស់ពួកគេ និងរឿងមេរោគឆ្លង Covid-19 តែម្តង។ ឧទាហរណ៍ដូចជា Liverpool មាន Mohamed Salah (អេហ្ស៊ីប), Sadio Mane (សេណេហ្កាល់), Naby Keita (នីហ្សេរីយ៉ា) ខណៈ Chelsea មានកីឡាករអ្នកចាំទី Edouard Mendy (សេណេហ្កាល់), Hakim Ziyech (ម៉ារ៉ុក) ឯ Arsenal មានដូចជាខ្សែប្រយុទ្ធហ្កាបុង Pierre-Emerick Aubameyang, កីឡាករអេហ្ស៊ីប Mohamed Elneny និងកីឡាករកូឌីវ័រ Nicolas Pepe ជាដើម។
ក្រុមបាល់ទាត់ចំនួន ២៤ នឹងចូលរួមការប្រកួតពានរង្វាន់បាល់ទាត់ធំជាងគេប្រចាំទ្វីបអាហ្វ្រិកនេះ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៩ ខែមករាខាងមុខនេះដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២។ អ្នកគាំទ្រដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន និងកាតបញ្ជាក់ត្រឹមត្រូវនឹងត្រូវបានអនុញ្ញាតឱ្យចូលទស្សនាក្នុងកីឡដ្ឋានបាន៕
អត្ថបទ៖នាង សុភាវុធ