នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ថា ព្រះចៅស៊ុលតង់ Hassanal Bolkiah របស់ប្រទេសប្រ៊ុយណេ ត្រូវបាននាំព្រះកាយទៅកាន់វិទ្យាស្ថានជាតិបេះដូង ក្នុងទីក្រុងគូឡាឡាំពួ នៅថ្ងៃអង្គារ (ទី២៧ ខែឧសភា) នេះ ដោយសារអស់ព្រះកាយពល។
គួរបញ្ជាក់ថា ព្រះចៅស៊ុលតង់ កំពុងបង្ហាញព្រះភក្រ្តនៅក្នុងទីក្រុងគូឡាឡាំពួជាមួយបណ្ដាមេដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផ្សេងទៀត ដែលកំពុងជួបប្រជុំ នៅថ្ងៃអង្គារនេះ ជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang និងឥស្សរជនមកពីក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ។
នៅពេលត្រូវបានសួរនៅក្នុងសន្និសីទសារព័ត៌មានថា តើព្រះចៅស៊ុលតង់ បានសម្រាកព្រះកាយព្យាបាលនៅមន្ទីរពេទ្យដែរ ឬអត់នោះ លោកនាយករដ្ឋមន្ត្រី Anwar Ibrahim បានឆ្លើយតបថា៖ «ព្រះអង្គមានអារម្មណ៍ហត់បន្តិច ដូច្នេះ ព្រះអង្គត្រូវកំពុងសម្រាកព្រះកាយ (នៅឯវិទ្យាស្ថានបេះដូងជាតិ)»។
នៅមុននេះ ប្រភពពីរដ្ឋាភិបាលម៉ាឡេស៊ី បានប្រាប់សារព័ត៌មាន AFP ថា ព្រះចៅស៊ុលតង់ «ត្រូវសម្រាកព្រះកាយព្យាបាលនៅមន្ទីរពេទ្យ នៅចន្លោះជំនួបកំពូលអាស៊ាន-GCC និងអាស៊ាន-GCC-ចិន»។
មន្ទីរពេទ្យបានប្រាប់ថា ខ្លួនមិនអាចធ្វើអត្ថាធិប្បាយអ្វីបានទេ ប៉ុន្តែប្រភពរដ្ឋាភិបាលម៉ាឡេស៊ីមួយផ្សេងទៀត បានបញ្ជាក់ដាច់ដោយឡែកពីព័ត៌មាននេះទៅកាន់សារព័ត៌មាន AFP។ ព្រះចៅស៊ុលតង់ Hassanal ព្រះជន្ម ៧៨វស្សា បានឡើងសោយរាជ្យនៅឆ្នាំ១៩៦៧៕