ប្រទេសអ៊ីស្រាអែល និងស៊ីរី មានការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយគ្នា ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបើកកិច្ចប្រជុំទល់មុខគ្នាជាច្រើនដង ដោយមានគោលបំណងបន្ធូរបន្ថយភាពតានតឹង និងទប់ស្កាត់ជម្លោះ នៅក្នុងតំបន់ព្រំដែន រវាងគូអរិដ៏យូរអង្វែងទាំង២។ នេះបើតាមការនិយាយរបស់មនុស្ស ៥នាក់ដែលដឹងពីបញ្ហានេះ។
ប្រភពពីស៊ីរីចំនួន ២នាក់ និងពីលោកខាងលិច ២នាក់ បានប្រាប់ឲ្យដឹងថា ទំនាក់ទំនងនេះ បានបង្កើតការចរចាដោយសម្ងាត់ តាមរយៈបណ្តាញអន្តរការី គិតចាប់តាំងពីក្រុមឧទ្ទាមឥស្លាម Hayat Tahrir al-Sham បានផ្តួលរំលំមេដឹកនាំស៊ីរី លោក Bashar al-Assad កាលពីខែធ្នូឆ្នាំមុន។
ប្រភពនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃប្រធានបទ សម្រាប់ប្រទេស២ ដែលមិនមានទំនាក់ទំនងផ្លូវការ និងប្រវត្តិស្អប់គ្នា។ ការពិភាក្សាដោយផ្ទាល់ និងទំហំនៃការពិភាក្សា មិនត្រូវបានគេរាយការណ៍ពីមុនមកឡើយ។
ខាងភាគីស៊ីរី ប្រភពនានាបាននិយាយថា ការទាក់ទងត្រូវបានដឹកនាំដោយមន្ត្រីសន្តិសុខជាន់ខ្ពស់ លោក Ahmad al-Dalati ដែលត្រូវបានតែងតាំងជាអភិបាលខេត្ត Quneitra ដែលជាប់ព្រំដែនតំបន់ Golan Heights បន្ទាប់ពីការដួលរលំរបស់របបលោក Assad។ កាលពីដើមសប្តាហ៍នេះ លោក Dalati ក៏ត្រូវបានដាក់ឲ្យទទួលខុសត្រូវផ្នែកសន្តិសុខ នៅខេត្ត Sweida ភាគខាងត្បូង ដែលជាកន្លែងរស់នៅរបស់ជនជាតិភាគតិច Druze ក្នុងប្រទេសស៊ីរី។
យ៉ាងណាក្ដី សារព័ត៌មាន Reuters មិនអាចកំណត់ថា អ្នកណាបានចូលរួមនៅខាងភាគីអ៊ីស្រាអែលបានឡើយ ទោះបីជាប្រភពចំនួន ២ បានប្រាប់ថា ពួកគេជាមន្ត្រីសន្តិសុខក៏ដោយ។ ចំណែកប្រភពចំនួន ៣រូប បាននិយាយថា មានការប្រជុំដោយផ្ទាល់ជាច្រើនលើក នៅតំបន់ព្រំដែន ក្នុងនោះរួមទាំងដែលដីដែលគ្រប់គ្រងដោយអ៊ីស្រាអែលផងដែរ។ ទាំងក្រសួងការបរទេសអ៊ីស្រាអែល និងមន្ត្រីស៊ីរី មិនឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕