នៅថ្ងៃអង្គារនេះ សហភាពអឺរ៉ុប បានអនុម័តលើការបង្កើតមូលនិធិអាវុធសហភាពអឺរ៉ុបតម្លៃ ១៥០ពាន់លានអឺរ៉ូ(ស្មើនឹង ១៧០,៧ពាន់លានដុល្លារ) ដោយសារក្តីបារម្ភពីការវាយប្រហាររបស់រុស្ស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ហើយនិងភាពពុំច្បាស់លាស់ចំពោះការប្តេជ្ញាចិត្តសន្តិសុខរបស់សហរដ្ឋអាមេរិកចំពោះទ្វីបមួយនេះ ។
ការអនុម័តដែលត្រូវបានធ្វើឡើងដោយក្រុមរដ្ឋមន្រ្តីមកពីបណ្តាប្រទេសសហភាពអឺរ៉ុបក្នុងជំនួបនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកនេះ បានក្លាយជាជំហានស្របច្បាប់ចុងក្រោយ ក្នុងការបង្កើតគម្រោងវិធានការសន្តិសុខសម្រាប់អឺរ៉ុប(SAFE) ដោយប្រើប្រាស់ការខ្ចីប្រាក់រួមរបស់សហភាពអឺរ៉ុប ដើម្បីផ្តល់ប្រាក់ចម្ចីដល់ប្រទេសអឺរ៉ុបសម្រាប់គម្រោងការពារជាតិរួម ។
ក្រុមមន្រ្តីការទូតនិយាយថា វិធានការនេះ ត្រូវបានគាំទ្រដោយប្រទេសចំនួន ២៦ ក្នុងចំណោមប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន ២៧ ក្នុងនោះ ប្រទេសហុងគ្រីអនុប្បវាទ ។
ប៉ូឡូញដែលនឹងធ្វើជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុបនិយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ពួកយើងបានអនុម័តគម្រោង SAFE ដែលជាកម្មវិធីវនិយោគវិស័យការពារទ្រង់ទ្រាយធំលើកដំបូងក្នុងកម្រិតសហភាពអឺរ៉ុប ។ ពួកយើងវិនិយោគកាន់តែច្រើនលើសន្តិសុខ ពួកយើងកាន់តែរារាំងបានល្អប្រសើរអ្នកដែលចង់ធ្វើបាបពួកយើង ៕