អំឡុងពេលជជែកតាមការទូរសព្ទជាមួយព្រះមហាក្សត្រ Abdullah II នៃប្រទេសហ្ស៊កដានី នៅថ្ងៃអង្គារ (ទី២៧ ខែឧសភា) នេះ ប្រធានសហភាពអឺរ៉ុប (EU) លោកស្រី Ursula von der Leyen បានថ្កោលទោសថា ជាការវាយប្រហារដ៏អាក្រក់ «គួរឲ្យស្អប់ខ្ពើម» របស់អ៊ីស្រាអែលទៅលើមូលដ្ឋានជនស៊ីវិល នៅក្នុងតំបន់ហ្កាហ្សា ក្នុងនោះរួមទាំងនៅសាលារៀនផងដែរ។
គួរបញ្ជាក់ថា ក្រុមអ្នកជួយសង្គ្រោះ បានប្រាប់ឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥២នាក់ នៅតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ ដោយក្នុងនោះ ៣៣នាក់ នៅឯជំរកដែលជាសាលារៀន អំឡុងការវាយលុកជាថ្មី ដើម្បីកម្ចាត់ក្រុមហាម៉ាស ជាអ្វីដែលបាននាំឲ្យមានការថ្កោលទោសជាអន្តរជាតិ។
យោងតាមព័ត៌មានរបស់ EU អំពីការជជែកតាមទូរសព្ទនោះ បានឲ្យដឹងថា លោកស្រី von der Leyen បាននិយាយថា៖ «ការពង្រីកប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងចំណោមនោះ ក៏មានសាលារៀនមួយកន្លែងដែលប្រែក្លាយទៅជាជម្រក សម្រាប់ជនភៀសខ្លនគ្រួសារប៉ាឡេស្ទីនផងដែរ ដោយនេះជាការសម្លាប់ជនស៊ីវិល ក្នុងនោះរួមមានទាំងកុមារផងដែរ គឺជាទង្វើដ៏គួរឲ្យស្អប់ខ្ពើមណាស់»។
លោកស្រីបានបន្ថែមថា៖ «គណៈកម្មការអឺរ៉ុបតែងតែគាំទ្រ ហើយនឹងបន្តគាំទ្រ ចំពោះសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការរក្សាសន្តិសុខ និងការការពារខ្លួន»។ យ៉ាងណាក្ដី លោកស្រី von der Leyen បានព្រមានថា៖ «ប៉ុន្តែការបង្កើន និងការប្រើប្រាស់កម្លាំងមិនសមាមាត្រ ប្រឆាំងនឹងជនស៊ីវិល មិនអាចរាប់ជាអំពើត្រឹមត្រូវបានទេ នៅក្រោមច្បាប់មនុស្សធម៌ និងច្បាប់អន្តរជាតិ»។
ប្រធានគណៈកម្មការ បានទាមទារឲ្យអ៊ីស្រាអែល «ស្តារឡើងវិញជាបន្ទាន់នូវការផ្តល់ជំនួយ ស្របតាមគោលការណ៍មនុស្សធម៌ ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌អន្តរជាតិផ្សេងទៀត»៕