ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ ដែលហៅកាត់ជាភាសាអង់គ្លេស ACU និងអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សីនៅរសៀលថ្ងៃទី ២៧ ខែ ឧសភានេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីពង្រីកទំនាក់ទំនងអន្តរស្ថាប័នលើក្របខណ្ឌច្បាប់រវាងអាជ្ញាធរមានសមត្ថកិច្ចចំពោះការងារប្រឆាំងអំពើពុករលួយនៃរដ្ឋទាំងពីរ។
ការចុះអនុស្សរណៈនេះ បានធ្វើឡើងក្រោមអធិបតីភាព កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Igor krasnov អគ្គរដ្ឋអាជ្ញាធរ នៃសហព័ន្ធរុស្ស៊ី ស្ថិតនៅអង្គភាពប្រឆាំងអំពើពុករលួយ រាជធានីភ្នំពេញ។
ដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នានេះ ស្ថាប័នទាំងពីរនឹងអនុវត្តកិច្ចសហប្រតិបត្តិការរួមគ្នាតាមទម្រង់នានាដូចជា ការផ្លាស់ប្ដូរបទពិសោធន៍ ឧត្តម្មានុវត្តន៍ និងព័ត៌មានក្នុងផ្នែកប្រយុទ្ធប្រឆាំងអំពើពុករលួយ,ការរៀបចំកម្មវិធីអន្តរជាតិរួមគ្នា, ការពិគ្រោះយោបល់លើបញ្ហាផ្លូវច្បាប់, ជំនួយផ្នែកច្បាប់ទៅវិញទៅមក, ការស៊ើបអង្កេត, ការបណ្តុះបណ្តាលបង្កើនសមត្ថភាពរបស់មន្ត្រី, និងការស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្ររួមគ្នាក្នុងវិស័យប្រយុទ្ធប្រឆាំងអំពើពុករលួយជាដើម។
គួរបញ្ជាក់ដែរថា អង្គភាពប្រឆាំងអំពើពុករលួយមានបេសកកម្មដឹកនាំការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគ្រប់រូបភាពគ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចាត់វិធានការអប់រំ បង្ការ ទប់ស្កាត់និងអនុវត្តច្បាប់បង្រ្កាបបទល្មើសពុករលួយដោយមានការចូលរួមពីសាធារណៈជន និង ប្រតិបត្តិការ។អត្ថបទ៖ទូច សោភ័ណ








