អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់មេដឹកនាំវិមានក្រឹមឡាំងបច្ចុប្បន្ន គឺលោក Vladimir Putin បានព្រមានថា ទីក្រុងមូស្គូ នៅទីបំផុតអាចនឹងកាន់កាប់ស្ទើរតែទាំងអស់នៃទឹកដីអ៊ុយក្រែន ប្រសិនបើទីក្រុងគីវ នៅតែបន្តទទួលសព្វាវុធពីលោកខាងលិច ដោយបង្ហោះផែនទី "តំបន់ទ្រនាប់" ដើម្បីបញ្ជាក់ពីការគំរាមរបស់ខ្លួន។

វិទ្យាស្ថានសម្រាប់ការសិក្សាសង្រ្គាម (ISW) បាននិយាយថា តាមអត្រាបច្ចុប្បន្ននៃការវាយរុលរបស់កងកម្លាំងទីក្រុងមូស្គូ ក្នុងប្រតិបត្តិការវាយលុកពេញលក្ខណៈរបស់ខ្លួន នោះរុស្ស៊ីនឹងត្រូវចំណាយពេលប្រហែលមួយសតវត្សរ៍ ដើម្បីដណ្តើមកាន់កាប់ទឹកដីភាគច្រើនដូចដែលសម្ព័ន្ធមិត្តរបស់លោក Putin រូបនេះបានលើកឡើង។

លោក Medvedev ដែលឥឡូវនេះជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានបម្រើការជាប្រមុខរដ្ឋរបស់ប្រទេសនេះរវាងឆ្នាំ២០០៨ និង២០១២ ហើយតែងបានបង្ហោះសារដ៏ក្ដៅគគុកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គំរាមកំហែងលោកខាងលិច ចំពោះការគាំទ្រអ៊ុយក្រែន។

លោក Medvedev និងក្រុមមន្ត្រីរុស្ស៊ីផ្សេងទៀត បានអំពាវនាវម្តងហើយម្តងទៀតឱ្យបង្កើតតំបន់ទ្រនាប់នៅភាគខាងជើងអ៊ុយក្រែន ដើម្បីដាក់គម្លាតទីក្រុងរុស្ស៊ី ចេញពីជួរមុខនៃប្រព័ន្ធសព្វាវុធវាយប្រហាររយៈចម្ងាយឆ្ងាយ ដែលលោកខាងលិច ផ្ដល់ឱ្យអ៊ុយក្រែន។ វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW) បាននិយាយថា សេចក្តីថ្លែងការណ៍ចុងក្រោយរបស់លោក Medvedev គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់វិមានក្រឹមឡាំង ដើម្បីបង្ហាញភាពត្រឹមត្រូវនៃប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន និងការកាន់កាប់រយៈពេលវែងនៃទឹកដីអ៊ុយក្រែន៕
