ប្រជាជនប៉ាឡេស្ទីន រាប់រយនាក់បានសម្រុកទៅកាន់ទីតាំងនានានៅកន្លែងដែលជំនួយត្រូវបានចែកចាយដោយមូលនិធិគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃអង្គារ ទី២៧ ឧសភា ជាមួយនឹងភាពអស់សង្ឃឹមសម្រាប់ស្បៀងអាហារ ដែលជម្នះលើការព្រួយបារម្ភអំពីការធ្វើជីវមាត្រ និងការត្រួតពិនិត្យផ្សេងៗទៀត។

គិតត្រឹមរសៀលថ្ងៃអង្គារ មូលនិធិមនុស្សធម៌តំបន់ហ្កាហ្សា បាននិយាយថា ខ្លួនបានចែកចាយស្បៀងអាហារប្រហែល ៨.០០០កេស ដែលស្មើនឹងអាហារប្រហែល៤៦២.០០០កញ្ចប់ បន្ទាប់ពីការបិទផ្លូវជិតបីខែរបស់អ៊ីស្រាអែលនៅតំបន់ហ៊ុមព័ទ្ធមួយនេះ។

ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ រួមមានទាំងស្ត្រី និងកុមារ ខ្លះធ្វើដំណើរដោយថ្មើរជើង ឬជិះរទេះសេះ បានសម្រុកឆ្ពោះទៅកន្លែងចែកចាយស្បៀងអាហារមួយកន្លែងក្នុងទីក្រុង Rafah ភាគខាងត្បូង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពអ៊ីស្រាអែលទាំងស្រុង ដើម្បីទទួលបានកញ្ចប់អាហារ។
វីដេអូដែលសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់បានភ្លាមៗ បានបង្ហាញជួរមនុស្សដើរកាត់ច្រករបៀងដែលមានខ្សែលួស និងចូលទៅក្នុងវាលចំហដ៏ធំមួយដែលជំនួយត្រូវបានដាក់នៅទីនោះ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ្វីដែលបានកើតឡើងនៅថ្ងៃនេះ គឺជាភស្តុតាងជាក់ស្តែងការបរាជ័យនៃការចូលកាន់កាប់ដើម្បីគ្រប់គ្រងវិបត្តិមនុស្សធម៌ដែលអ៊ីស្រាអែលបានបង្កើតឡើងដោយចេតនា តាមរយៈគោលនយោបាយនៃភាពអត់ឃ្លាន ការហ៊ុមព័ទ្ធ និងការទម្លាក់គ្រាប់បែក»។