ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានលោក Vladimir Putin កាលពីថ្ងៃអង្គារ ២៧ ឧសភា ថា លោកកំពុងប្រលែងលេងជាមួយភ្លើង ដោយរិះគន់បើកចំហរជាថ្មី ទៅកាន់សមភាគីរុស្ស៊ី ជុំវិញកិច្ចខិតខំប្រឹងប្រែងសន្តិភាពអ៊ុយក្រែន ដែលនៅតែជាប់គាំង។

ការអត្ថាធិប្បាយចុងក្រោយបំផុតរបស់លោក Trump បានកើតឡើងបន្ទាប់ពីលោកបានហៅមេដឹកនាំវិមានក្រឹមឡាំងថាជាមនុស្ស ផ្ដេសផ្ដាសខ្លាំង កាលពីចុងសប្តាហ៍មុន បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ធំរបស់រុស្ស៊ីលើទីក្រុង Kyiv ហើយបានព្រមានថាទីក្រុងមូស្គូប្រឈមការដាក់ទណ្ឌកម្មថ្មី។
លោក Trump បាននិយាយនៅលើបណ្តាញសង្គម Truth Social របស់លោកកាលពីថ្ងៃអង្គារថាអ្វីដែលលោក Vladimir Putin មិនដឹងនោះគឺថា ប្រសិនបើមិនមែនសម្រាប់លោកទេ រឿងអាក្រក់ជាច្រើននឹងកើតឡើងចំពោះប្រទេសរុស្ស៊ីរួចហើយ ។ លោកចង់និយាយថា រឿងទាំងនោះគឺធ្ងន់ធ្ងរណាស់។
លោក Putin កំពុងប្រលែងលេងជាមួយភ្លើងហើយ។
លោក Trump ពុំបានបញ្ជាក់ថាអ្វីទៅជារឿងធ្ងន់ធ្ងរ ឬការគំរាមកំហែងជាក់លាក់ណាមួយនោះទេ។
ប៉ុន្តែកាសែត Wall Street Journal និង CNN ទាំងពីរបានរាយការណ៍ថាឥឡូវនេះលោក Trump កំពុងពិចារណាការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីនៅដើមសប្តាហ៍នេះ ខណៈសង្កត់ធ្ងន់ថារូបលោកនៅតែអាចផ្លាស់ប្តូរចិត្តរបស់លោកបាន។
លោក Trump បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថាលោកពិតជាកំពុងពិចារណាលើការបង្កើនទណ្ឌកម្មលើទីក្រុងមូស្គូមែន៕


