នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ហាណេដា (HANEDA) ទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព ព្រមទាំងបានការទទួលស្វាគមន៍ពីសំណាក់ លោកជំទាវ IKUINA Akiko សមាជិកសភា និងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន និង ឯកឧត្តម MIYASHITA Tadayuki ប្រធានពិធីការ។
ក្នុងដំណើរអញ្ជើញដល់នេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត ក្នុងឱកាសគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកបំពេញទស្សនកិច្ចការងារផ្លូវការ រយៈពេល៤ថ្ងៃ ទីក្រុងតូក្យូ ប្រទេសជប៉ុន។












