ក្រសួងសុខាភិបាលរបស់ប្រទេសស៊ូដង់បានរាយការណ៍ពីការកើនឡើងនៃករណីឆ្លងជំងឺអាសន្នរោគនៅក្នុងប្រទេស ដែលហែកហួរដោយសង្គ្រាមមួយនេះ ដោយមានការឆ្លងចំនួន២.៧០០នាក់និង១៧២នាក់បានស្លាប់កាលពីសប្តាហ៍មុន។

ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ក្រសួងខាងលើបាននិយាយថា ៩០ភាគរយនៃករណីឆ្លង ត្រូវបានរាយការណ៍នៅក្នុងរដ្ឋខាទុំ (Khartoum) ជាកន្លែងដែលការផ្គត់ផ្គង់ទឹក និងអគ្គិសនីត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារការវាយប្រហារដោយយានដ្រូន ដែលត្រូវបានស្តីបន្ទោសលើកងកម្លាំងគាំទ្រប៉ារ៉ារហ័ស (RSF)កំពុងមានសង្រ្គាមជាមួយកងទ័ព ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ មក។

ករណីឆ្លងជាច្រើន ក៏ត្រូវបានរាយការណ៍ផងដែរនៅភាគខាងត្បូង កណ្តាល និងភាគខាងជើងនៃប្រទេសនេះ ។
ជំងឺអាសន្នរោគគឺជាជំងឺរាតត្បាតចំពោះប្រទេសស៊ូដង់ ប៉ុន្តែការផ្ទុះឡើងកាន់តែធ្ងន់ធ្ងរ និងកាន់តែញឹកញាប់ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង ដោយបំផ្លាញប្រព័ន្ធទឹកស្អាត និងអនាម័យ និងហេដ្ឋារចនាសម្ព័ន្ធសុខភាពដែលផុយស្រួយរួចស្រាប់ទៅហើយ។

កាលពីថ្ងៃអង្គារសប្តាហ៍មុន ក្រសួងបាននិយាយថា មនុស្សចំនួន៥១នាក់បានស្លាប់ដោយសារជំងឺអាសន្នរោគ ក្នុងចំណោមករណីដែលបានរាយការណ៍ជាង២.៣០០នាក់ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ ហើយ៩០ភាគរយនៃការឆ្លងទាំងនោះ នៅក្នុងរដ្ឋខាទុំ (Khartoum) ។
កងកម្លាំងគាំទ្រប៉ារ៉ារហ័ស នៅខែនេះបានចាប់ផ្តើមការវាយប្រហារដោយយានដ្រូននៅទូទាំងរដ្ឋធានីខាទុំ(Khartoum) រួមទាំងស្ថានីយថាមពលចំនួនបី មុនពេលត្រូវបានរុញច្រានទាំងស្រុងចេញពីទីតាំងដែលកាន់កាប់ចុងក្រោយរបស់ពួកគេ នៅក្នុងរដ្ឋធានីនេះ កាលពីសប្តាហ៍មុន៕