រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio កាលពីថ្ងៃអង្គារ (២៧ ឧសភា) បានបញ្ជាឱ្យផ្អាកដំណើរការទិដ្ឋាការនិស្សិត ខណៈរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បង្កើនការត្រួតពិនិត្យបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួន។

វាគឺជាចំណាត់ការចុងក្រោយដែលផ្តោតលើនិស្សិតអន្តរជាតិ ជាប្រភពចំណូលដ៏សំខាន់សម្រាប់សាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក បន្ទាប់ពីលោក Rubio បានលុបចោលទិដ្ឋាការរាប់រយ ហើយរដ្ឋបាល របស់លោកTrump មានចំណាត់ការរារាំងសាកលវិទ្យាល័យ Harvard មិនឲ្យទទួលយកនណាម្នាក់ដែលពុំមែនជាពលរដ្ឋអាមេរិក។

ការចុះហត្ថលេខាដោយ លោក Rubio ត្រូវបានឃើញដោយសារព័ត៌មាន AFP បញ្ជាឱ្យស្ថានទូត និងស្ថានកុងស៊ុល មិនអនុញ្ញាតឱ្យ «បន្ថែមនិស្សិត ឬផ្លាស់ប្តូរទិដ្ឋាការ និងសមត្ថភាពក្នុងការណាត់ជួប រហូតដល់គោលការណែនាំបន្ថែមត្រូវបានចេញ»។ ក្រសួងការបរទេស មានផែនការចេញការណែនាំស្តីពីការពង្រីកការត្រួតពិនិត្យបណ្តាញផ្សព្វផ្សាយសង្គមសម្រាប់ការដាក់ពាក្យស្នើសុំទាំងអស់។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់ នោះទេ ប៉ុន្តែបាននិយាយថា «យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរការត្រួតពិនិត្យ ថាតើនរណាខ្លះចូលមកក្នុងប្រទេសនេះ»។ លោកស្រី និយាយថា «វាជាគោលដៅមួយ ដូចដែលបានថ្លែងដោយប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេស លោក Rubio ដើម្បីធ្វើឱ្យប្រាកដថា អ្នកដែលនៅទីនេះយល់អ្វីជាច្បាប់ ហើយពួកគេគ្មានបំណងសម្រាប់ឧក្រិដ្ឋកម្មណាមួយ ដែលពួកគេនឹងរួមចំណែកដល់បទពិសោធន៍នៅទីនេះ ទោះបីជាស្ថានភាពរបស់ពួកគេមានរយៈពេលខ្លី ឬវែងក៏ដោយ»។