យោងតាមទិន្នន័យដែលប្រមូលដោយគេហទំព័រស្វែងរកសណ្ឋាគារ Trivago បានបង្ហាញថា ភ្ញៀវទេសចរមកពីបណ្តាប្រទេសនានា ដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសាររបាំងពន្ធពាណិជ្ជកម្មរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងកក់ការធ្វើដំណើរតិចជាងមុន និងបង្វែរទិសដៅដំណើរកម្សាន្តគេចចេញពីសហរដ្ឋអាមេរិក។

ទិន្នន័យនេះបានបង្ហាញពីការធ្លាក់ចុះពីរខ្ទង់គិតជាភាគរយ នៃចំនួនអ្នកធ្វើដំណើរពីជប៉ុន កាណាដា និងម៉ិកស៊ិក ដែលជ្រើសរើសមិនទៅកម្សាន្តនៅអាមេរិក ចាប់តាំងពីលោក Trump បានប្រកាសពន្ធគយរបស់លោក។

កាលពីដើមខែនេះ ក្រុមប្រឹក្សាទេសចរណ៍ និងទេសចរណ៍ពិភពលោក (WTTC) បានព្យាកររួចហើយថា ការចំណាយរបស់អ្នកទេសចរនៅអាមេរិក នឹងធ្លាក់ចុះខ្លាំងពី ១៨១ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ មកនៅតិចជាង ១៦៩ពាន់លានដុល្លារ ដោយសារតែការធ្លាក់ចុះនៃ "ទំនុកចិត្តរបស់អ្នកដំណើរអន្តរជាតិ"។

អ្នកធ្វើដំណើរមកពីជុំវិញពិភពលោក បានប្រឈមនឹងការត្រួតពិនិត្យកាន់តែខ្លាំងឡើងក្រោមការគ្រប់គ្រងព្រំដែន និងគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់រដ្ឋបាលលោក Trump ហើយប្រទេសជាច្រើន ក៏បានចេញការព្រមានប្រុងប្រយ័ត្នដល់ពលរដ្ឋដែលធ្វើដំណើរទៅសហរដ្ឋអាមេរិក។
ចាប់តាំងពីលោក Trump បានប្រកាសពន្ធជាបន្តបន្ទាប់ក្នុងខែកុម្ភៈមក អ្នកដំណើរមកពីកាណាដា ម៉ិកស៊ិក និងជប៉ុន ព្រមទាំងអ្នកទេសចរអាល្លឺម៉ង់ បានកក់ការធ្វើដំណើរតិចជាងមុនទៅកាន់សហរដ្ឋអាមេរិក នេះបើយោងតាមទិន្នន័យរបស់ Trivago។ ប្រទេសទាំងនេះស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងក្លាជាងគេលើសកលលោក។ បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន ប្រទេសអាល្លឺម៉ង់ មានសេដ្ឋកិច្ចធំជាងគេទីបីរបស់ពិភពលោក ខណៈជប៉ុនជាសេដ្ឋកិច្ចធំទីប្រាំ៕