អង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM ដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (២៧ ឧសភា) ថា ការវាយលុកជាថ្មីដ៏កម្រោលរបស់យោធាអ៊ីស្រាអែល បានបង្ខំឱ្យមនុស្សជិត ១៨០.០០០នាក់ ត្រូវរត់គេចការទម្លាក់គ្រាប់បែក ក្នុងរយៈពេល ១០ថ្ងៃចុងក្រោយរហូតដល់ថ្ងៃទី២៥ ខែឧសភា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយជំនួសនាមឱ្យអង្គការសម្របសម្រួលជំរំភៀសខ្លួនសកល GCC និងក្រុមគ្រប់គ្រងជំរំ CMC ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ទីភ្នាក់ងារ IOM បង្ហាញសម្ដែងការប្រកាសអាសន្នយ៉ាងជ្រាលជ្រៅ និងរិះគន់ការវាយប្រហារដោយផ្ទាល់លើទីជម្រក ដែលខ្លួននិយាយថាបានក្លាយទៅជា "រឿងធម្មតា" ទៅហើយនៅហ្កាហ្សា។

សេចក្តីថ្លែងការណ៍និយាយថា សរុបមក មនុស្សជិត ៦១៦.០០០នាក់ ត្រូវភៀសខ្លួនចាប់តាំងពីការបញ្ចប់បទឈប់បាញ់នៅថ្ងៃទី១៨ ខែមីនា។ អំឡុងពេលបទឈប់បាញ់នោះ ប្រជាជនប៉ាឡេស្ទីនប្រហែលកន្លះលាននាក់ អាចត្រឡប់ទៅផ្ទះសម្បែងវិញបាន ប៉ុន្តែ "វឌ្ឍនភាពដ៏ផុយស្រួយនោះ ឥឡូវនេះត្រូវបានផ្លាស់ប្តូរវិញហើយ"។

អង្គការ IOM សង្កត់ធ្ងន់ថា “ជាមួយនឹងបញ្ហាដែលកំពុងបន្តជាច្រើន ជនស៊ីវិលមិនទាន់មានការធានានូវទីជម្រក ជំនួយ ឬការការពារនៅឡើយទេ"។ IOM បន្ថែមថា ការរឹតបន្តឹងបម្លាស់ទីប្រជាជនឥតឈប់ឈរ និងការវាយប្រហារមិនរើសមុខលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងទីជម្រក សាលារៀន មន្ទីរពេទ្យ និងតង់ ក្នុងរយៈពេល ១៩ខែចុងក្រោយនេះ បានធ្វើឱ្យជនស៊ីវិលបន្តប្រឈមគ្រោះថ្នាក់ដ៏ធំធេង និងបង្កើនក្ដីបារម្ភយ៉ាងខ្លាំង៕