ភ្នំពេញ៖ ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានកោតសរសើរកម្ពុជា ចំពោះការជំរុញការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនបានយ៉ាងលឿន រហូតអាចបើកប្រទេសឡើងវិញ។
ការថ្លែងដូច្នេះធ្វើឡើងក្នុងឱកាសជំនួបរវាងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ ជាមួយឯកឧត្តម ហ្សាក់ ពើឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា។
នាឱកាសនោះសម្តេចប្រធានរដ្ឋសភាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ហ្សាក់ ពើឡេ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា និងបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាបានត្រៀមជាស្រេចនៅក្នុងការបង្កលក្ខណៈងាយស្រួល បង្កើនកិច្ចសហប្រតិបត្តិការដើម្បីឱ្យបេសកកម្មការទូតរបស់ឯកឧត្តម ទទួលបានជោគជ័យ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជា-បារាំង បានកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នាជាយូរលង់ណាស់មកហើយ។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ត្រូវបានបន្តពង្រឹងនិងពង្រីកជាលំដាប់រហូតមកទល់បច្ចុប្បន្ន។
សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងបន្តរួមចំណែកពង្រឹងពង្រីក និងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
ទន្ទឹមគ្នានោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង បានកោតសរសើរនិងវាយតម្លៃខ្ពស់ ការបើកប្រទេសកម្ពុជាឡើងវិញ ដោយសារយុទ្ធសាស្រ្តវ៉ាក់សំាងដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ការបើកប្រទេសរបស់កម្ពុជាឡើងវិញ បានធ្វើឱ្យរដ្ឋសភាបារំាងនិងកម្ពុជា មានលទ្ធភាពនៅក្នុងការជំរុញនិងបង្កើនកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាបន្តទៀត នៅក្នុងនោះ មានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមកផង។
បន្ថែមលើសពីនេះ ឯកអគ្គរដ្ឋទូតបារាំង បានសម្តែងការពេញចិត្តនិងអបអរសាទរចំពោះការប្រើប្រាស់ភាសាបារំាងនៅកម្ពុជា ក៏ដូចជានៅក្នុងរដ្ឋសភាកម្ពុជា។
ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា នៅពេលខាងមុខនេះ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាឱកាសសំខាន់នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជា ខណៈឯកអគ្គរដ្ឋទូតបារាំង ក៏បានអះអាងថា ប្រទេសបារាំងនៅតែបន្តកិច្ចសហប្រតបត្តិការ និងផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាទៅមុខទៀត៕
អត្ថបទ៖ ឧត្តម