ទិន្នន័យដែលចេញផ្សាយកាលថ្ងៃអង្គារ (២៧ ឧសភា) បានបង្ហាញថា ការលក់ប្រចាំខែនៃរថយន្តរបស់ក្រុមហ៊ុន Tesla នៅទូទាំងទ្វីបអឺរ៉ុប បានធ្លាក់ចុះពាក់កណ្តាលកាលពីខែមុន បើទោះបីជាកំណើនក្នុងទីផ្សាររថយន្តអគ្គិសនីបានហក់ឡើងក៏ដោយ។ តួលេខនេះគឺជាការចង្អុលបង្ហាញចុងក្រោយបង្អស់ទៅលើថា តើម៉ាកយីហោ Tesla រងទុក្ខប៉ុណ្ណាដោយសារតែប្រតិកម្មប្រឆាំងតបទៅនឹងនាយកប្រតិបត្តិមហាសេដ្ឋី Elon Musk ជុំវិញទស្សនៈស្តាំនិយមជ្រុលរបស់លោក។

ការលក់រថយន្ត Tesla នៅក្នុងបណ្ដាប្រទេសអឺរ៉ុបចំនួន៣២ បានធ្លាក់ចុះ ៤៩% មកនៅត្រឹម ៧.២៦១គ្រឿង ក្នុងខែមេសា ពីតួលេខ ១៤.២២៨គ្រឿង ក្នុងខែដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមតួលេខដែលចេញផ្សាយដោយសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប ឬហៅថា ACEA។

Tesla បាននិងកំពុងគ្របដណ្ដប់ដោយការតវ៉ា និងការធ្វើពហិការ ជុំវិញការដើរចូលទៅក្នុងនយោបាយរបស់លោក Musk ប៉ុន្តែក៏ប្រឈមមុខនឹងកត្តាផ្សេងទៀតដែរ រួមទាំងស៊េរីម៉ូដែលចាស់ៗរបស់ខ្លួន និងការប្រកួតប្រជែងកាន់តែខ្លាំងក្លាឡើងពីម៉ាករថយន្តអគ្គិសនីដែលជាគូប្រជែង ជាពិសេសពីប្រទេសចិន។

Tesla ក៏រងទុក្ខដោយសារតែខ្លួនត្រូវបិទរោងចក្រជាច្រើនសប្តាហ៍ក្នុងឆ្នាំនេះ ខណៈការធ្វើឱ្យប្រសើរឡើងនូវរថយន្តស្ព័រ Model Y ដែលលក់ដាច់បំផុតរបស់ខ្លួន ធ្វើឱ្យការផ្គត់ផ្គង់កើនឡើង។ ទិន្នន័យសរុបបង្ហាញថា សម្រាប់រយៈពេល ៤ខែដំបូងនៃឆ្នាំនេះ ការលក់នៅអឺរ៉ុប របស់រថយន្ត Tesla បានធ្លាក់ចុះប្រហែល ៣៩% មកនៅត្រឹម ៦១.៣២០គ្រឿង ក្នុងទីផ្សាររថយន្តរបស់ទ្វីបនេះ៕