កីឡាករវ័យក្មេងអេស្ប៉ាញ Lamine Yamal បានចុះហត្ថលេខាលើកិច្ចសន្យាថ្មី ៦ ឆ្នាំជាមួយ FC Barcelonaបន្ទាប់ពីជួយក្លិបឈ្នះជើងឯកក្នុងស្រុកបីក្នុងមួយរដូវកាល។
កីឡាករវ័យ ១៧ ឆ្នាំរូបនេះ មានកិច្ចសន្យាចាស់ត្រូវអស់សុពលភាពនៅដំណាច់រដូវកាលក្រោយ តែកិច្ចសន្យាថ្មី នឹងរក្សារូបគេនៅ Catalan ដល់ឆ្នាំ ២០៣១។
Lamine Yamal ដែលឡើងមកលេងក្រុមជំ Barcelona កាលពីឆ្នាំ ២០១៣ ក្នុងវ័យទើបតែ ១៥ ឆ្នាំនោះ បានស៊ុតបញ្ចូលទី ១៨ គ្រាប់ និង ២៥ បាល់បញ្ជូនក្នុងការបង្ហាញខ្លួន ៥៥ ប្រកួតរដូវកាលនេះខណៈ Barcelona ក្តោបយកជើងឯកក្នុងស្រុកទាំងអស់រួមមាន Spanish Super Cup, La Liga និង Copa del Rey ក្រោមការដឹកនាំរបស់អ្នកចាត់ការអាល្លឺម៉ង់ Hansi Flick រដូវកាលដំបូង។
Lamine Yamal សរុបស៊ុតបញ្ចូលទីឱ្យ Barcelona ២៥ គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ១១៥ ប្រកួត និងបានក្លាយជាកីឡាករវ័យក្មេងបំផុតដែលស៊ុតបញ្ចូលទីនៅ Spanish Super Cup, La Liga និង Copa del Rey។
Yamal ដែលនឹងឈានចូលវ័យ ១៨ ឆ្នាំនៅខែកក្កដាខាងមុខនោះ ក៏បានក្លាយជាកីឡាករវ័យក្មេងបំផុតរបស់ Barcelona ផងដែរដែលបង្ហាញខ្លួនដល់ ១០០ ប្រកួត។
Lamine Yamal បានក្លាយជាកីឡាករទីពីរបន្ទាប់ពី Raphinha ដែលសម្រេចបន្តកិច្ចសន្យាថ្មីជាមួយក្លិប៕
អត្ថបទ៖នាង សុភាវុធ