នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានប្រមូលផ្តុំក្រុមនៃប្រទេសអាស៊ីអាគ្នេយ៍ និងរដ្ឋឈូងសមុទ្រ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងបានសរសើរពីភាពរឹងមាំនៃសេដ្ឋកិច្ចរបស់ប្រទេសលោក ខណៈដែលទីក្រុងប៉េកាំងបង្កើនការមានទំនងទំនងល្អរបស់ខ្លួន នៅបរទេស ដើម្បីទប់ទល់នឹងកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសចិនឯកោ។
អំឡុងកិច្ចប្រជុំជាមួយមេដឹកនាំមកពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ា នៅទីក្រុងគួឡាឡាំពួ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអង្គារ (ទី២៧ ខែឧសភា) លោក Li បានលើកឡើងថា៖ «យើងគួរតែពង្រីកតំបន់យ៉ាងរឹងមាំដែលបើកចំហ និងអភិវឌ្ឍទីផ្សារដ៏ធំមួយ។ យើងគួរតែដោះស្រាយភាពខុសគ្នាប្រកបដោយប្រសិទ្ធភាព តាមរយៈស្មារតីនៃការយោគយល់គ្នាទៅវិញទៅមក»។

កិច្ចប្រជុំកំពូលរួមលើកដំបូងនេះ ផ្តល់ឲ្យទីក្រុងប៉េកាំងនូវឱកាសមួយផ្សេងទៀត ដើម្បីទាក់ទាញបណ្ដាប្រទេសដែលជាប់នៅក្នុងការជ្រើសរើស រវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំង២។ ការធ្វើដំណើររបស់លោក Li ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ បានកើតមានបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីខែមុន នៅពេលដែលលោកបានអំពាវនាវឲ្យមានការបង្រួបបង្រួមក្រុមគ្រួសារអាស៊ី ជាកិច្ចប្រឹងប្រែងជាក់ស្តែង ដើម្បីទប់ទល់នឹងសម្ពាធរបស់សហរដ្ឋអាមេរិក។
ក្នុងសុន្ទរកថាដាច់ដោយឡែក នាពេលល្ងាច លោក Li បានប្រាប់ថា សេដ្ឋកិច្ចចិននៅតែមានភាពធន់ ទោះបីជា ត្រូវប្រឈមជាមួយបញ្ហាខាងក្រៅក៏ដោយ។ មន្ត្រីរូបនេះបានប្តេជ្ញាគាំទ្រគោលនយោបាយកាន់តែទូលំទូលាយ ក្នុងការពង្រីកការប្រើប្រាស់ ដែលលោកបាននិយាយថា នឹងបង្កើនតម្រូវការផលិតផលទូទាំងពិភពលោក។
បណ្ដាប្រទេសតំបន់អាស៊ីអាគ្នេយ៍ ត្រូវរងប៉ះពាល់ដោយវិធានការពន្ធធ្ងន់ធ្ងររបស់លោក Trump នៅដើមឆ្នាំនេះ។ សហរដ្ឋអាមេរិក ក៏កំពុងផ្ដោតលើអាស៊ាន និងរដ្ឋឈូងសមុទ្រផងដែរ ខណៈដែលរដ្ឋបាលរបស់លោក Trump សង្ឃឹមធានាបានថា ក្រុមហ៊ុនដែលសាងសង់មជ្ឈមណ្ឌលទិន្នន័យ នៅប្រទេសទាំងនេះ មិនប្រើប្រាស់ហាដវែរបញ្ញាសិប្បនិម្មិត (AI Hardware) របស់ប្រទេសចិន៕

