ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា យន្តហោះដឹកទំនិញយោធាចំនួន ៨០០ បានចុះចត នៅក្នុងប្រទេសនេះ ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករយៈពេល ១៩ខែរបស់ខ្លួន នៅតំបន់ហ្កាហ្សា ដោយនាំឲ្យទទួលបានគ្រឿងយុទ្ធោបករណ៍ជាង ៩០.000តោន។
ការដឹកជញ្ជូនចុងក្រោយបំផុត ដែលបានចុះចតកាលពីចុងសប្តាហ៍ គឺសំដៅគាំទ្រជាចម្បងនូវការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា និងការប្រយុទ្ធរបស់ខ្លួន នៅក្នុងប្រទេសលីបង់ និងស៊ីរី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា ការដឹកជញ្ជូនដែលរួមមានគ្រាប់រំសេវ រថពាសដែក ឧបករណ៍ការពារផ្ទាល់ខ្លួន និងសម្ភារៈផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ត្រូវបានធ្វើឡើង ដោយសហការជាមួយស្ថានទូតរបស់ខ្លួន ប្រចាំនៅសហរដ្ឋអាមេរិក និងផ្នែកផ្សេងទៀតនៃយោធាអ៊ីស្រាអែល។

ក្រសួងបាននិយាយថា ក្រៅពីការដឹកជញ្ជូនតាមផ្លូវអាកាស ការដឹកជញ្ជូនទំនិញប្រហែល ១៤០ជើង បានមកដល់តាមសមុទ្រ។
ក្រសួងបានបញ្ជាក់ថា៖«ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវសមុទ្រនេះ គឺជាធាតុសំខាន់មួយ ក្នុងការរក្សាការបន្តប្រតិបត្តិការ បំពេញតម្រូវការយ៉ាងទូលំទូលាយរបស់កងកម្លាំងការពារអ៊ីស្រាអែល(IDF) ដើម្បីសម្រេចបាននូវគោលបំណងសង្គ្រាម និងបង្កើនការត្រៀមកម្លាំង»។
អ៊ីស្រាអែល បានបើកការវាយលុកតាមផ្លូវគោក និងតាមផ្លូវអាកាសនៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ដែលក្នុងនោះ ក្រុមយុទ្ធជនដឹកនាំដោយក្រុមហាម៉ាស បានសម្លាប់មនុស្សប្រហែល ១.២00នាក់ និងចាប់ចំណាប់ថ្នូរ ២៥១នាក់ នេះបើយោងតាមតួលេខរបស់អ៊ីស្រាអែល។ អាជ្ញាធរសុខាភិបាលនៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែល បានបំផ្លិចបំផ្លាញផ្នែកដ៏ធំនៃដែនដីនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៤.0៥៦ នាក់ និង ១២៣.១២៩នាក់ផ្សេងទៀត រងរបួស។
